ទំព័រដើម

ឈាមស្រែកស្បែកហៅ ទីបញ្ចប់ខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់ មន្ត្រីអាវុធហត្ថ និងមន្ត្រីបរិស្ថាន ហើយនិងបុគ្គលិកអង្គការម្នាក់ ត្រូវបានសមត្ថកិច្ច អូសក្បាលចូលគុកហើយ

By សេង រាជសី

February 06, 2018

ខេត្តមណ្ឌលគីរី ៖ កាលពីថ្ងៃអាទិត្យ ០៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភុៈ ឆ្នាំ២០១៨ នេះ គណៈកម្មការ ថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើស ធនធានធម្មជាតិ ជាពិសេសបានធ្វើការស្រាវជ្រាវ និងបញ្ចប់កំណត់ហេតុ បទល្មើសព្រៃឈើ ទាក់ទងទៅនឹងការ បាញ់សម្លាប់ មន្ត្រីបីរូប។

ដីការបញ្ជូនមកកាន់ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តមណ្ឌលគីរី បានសម្រេច ឃុំខ្លួនខ្មាន់កាំភ្លើង ដៃដល់ដែលបានលួចស្ទាក់បាញ់ប្រហារ សម្លាប់មន្ត្រីបរិស្ថាន បុគ្គលិកអង្គការ WCS និងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ជនរងគ្រោះដែលឃាតករ បានបាញ់សម្លាប់ កាលពីវេលាម៉ោង ១៦.៣០នាទីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី ជនរងគ្រោះទី១-ឈ្មោះ តើន សុខ ណៃ ជាមន្ត្រីឧទ្យាននុរក្ស ទី២-ឈ្មោះថុល ខ្នា ជាបុគ្គលិក របស់អង្គការ WCS ទី៣-ឈ្មោះ សេក វឌ្ឍនា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ចំណែកជនសង្ស័យ ដែលជាខ្មាន់កាំភ្លើង ដៃដល់ និងបក្សពួកទាំង៦នាក់ បើយោងតាមដីការបញ្ជូន សំណុំរឿងលេខ២០១៨ របស់គណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បញ្ជូនមកកាន់ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តមណ្ឌលគីរី ជនសង្ស័យទាំង ៦នាក់ត្រូវ ជាប់ទោសពីបទករណីឃាត់កម្ម គិតទុកជាមុន។

ជនជាប់សង្ស័យ ដែលបានប្រព្រឹត្តបទល្មើស ឃាតកម្មសម្លាប់មនុស្ស ៣នាក់ខាងលើ ទី១-ឈ្មោះផល ពេញ ភេទប្រុស អាយុ ៤២ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ ទី២-ឈ្មោះកើត វេហា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទី៣-ឈ្មោះឈាង វ៉ាន់និត ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរ ទី៤-ឈ្មោះកើត វេត្តា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរសញ្ជាតិខ្មែរ ទី៥-ឈ្មោះឡាយ សាវី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទី៦-ឈ្មោះទន ធារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរសញ្ជាតិ ខ្មែរ ។ វត្ថុតាងប្រព្រឹត្តបទល្មើស រួមមាន អាវុធ AK៤៧ចំនួន ១ដើមលេខ១៧៩៧៥ (ស្វាយបត់) បង់ចំនួន១បង់មាន ២៩គ្រាប់  រថយន្តកាមមារីចំនួន១គ្រឿងពណ៌ស្លែសេ រី១៩៩៣ ពាក់ស្លាកលេខ ព្រៃវែង2A-0478 ទូរស័ព្ទដៃចំនួន ៩គ្រឿង N0KA ចុងពិលចំនួន០៥ គ្រឿង និងមានសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមក អយការអមសាលាដំបូង ខេត្តមណ្ឌលគីរី ចាត់វិធានការតាមនិតិវិធីច្បាប់៕ ដោយ.ឡុង សារេត