Top10

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បាននាំយក អំណោយមនុស្សធម៌ ទៅចែកជូន ប្រជាពលរដ្ឋ ១៤គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ ឆាបឆេះលំនៅដ្ឋាន

By សេង រាជសី

February 07, 2018

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋចំនួន ១៤គ្រួសារ ដែលរងគ្រោះដោយសារ អគ្គីភ័យ ឆាបឆេះលំនៅដ្ឋាន កាលពីវេលាម៉ោង ១‌ៈ៣០នាទីរំលងអាធ្រាត ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភុៈ ឆ្នាំ២០១៨  កន្លងទៅនេះ លុះមកដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញនេះ អាជ្ញាធរបាននាំ យកអំណោយ មនុស្សធម៌ របស់សារខាកាកបាទក្រហម ខេត្តខេត្តរតនគិរី ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ទាំងអស់នៅចំណុចភូមិយ៉ែម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិលខេត្តរតនគិរី ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម ខេត្ត អមដំណើរ ដោយសមាជិក សមាជិការ គណៈកម្មាធិការសាខា កាកបាទក្រហម នៅថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០១៨ នេះបានចុះទៅសួរសុកទុខ និងនាំយកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ដោយសារ អ គ្គីភ័យឆាបឆេះ ផ្ទះសំបែងទាំង ១៤គ្រួសារ។

បើយោងតាម ការបញ្ជាក់ ឲ្យដឹងពីអាជ្ញាធរ មូលដ្ឋានថា ពេលដែល ត្រូវអគ្គីភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋ នៅចំណុច ភូមិ-ឃុំ ខាងលើនេះដោយសារតែ ការដាំស្លរ ចំអិនម្ហូប អាហារ មិនបានប្រុងប្រយ័ត្ន ហើយមិនបន្លត់ ភ្លើងចង្ក្រាន ពេលដែលដាំស្លរ រួចទុកអោយភ្លើង នៅឆេះបន្ត នៅចង្ក្រានផ្ទះបាយ ទើបបានមានហានីភ័យ ឆាបឆេះផ្ទះសំបែង បែបនេះតែម្តង។

ប្រភពប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ផ្ទះប្រជាពលរដ្ឋ ដែលត្រូវអគ្គីភ័យ លេបត្របាក់ ធ្វើអោយបាត់បង់ ទ្រព្យសម្បត្តិ បងប្អូនពលរដ្ឋនៅខាងលើនេះ ត្រូវបាត់បង់ផ្ទះចំនួន ៤ខ្នង និងផ្ទះបាយចំនួន៣ខ្នង ព្រមទាំងទ្រព្យសម្បត្តិ ក្នុងផ្ទះមួយចំនួនទៀត។

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាល ខេត្តរតនគិរី បានយកជាអំណោយ ដ៍ថ្លៃថ្លារបស់សាខា កាកបាទក្រហមខេត្ត ទៅចែកជូនគ្រួសារ ដែលរងគ្រោះ ដោយអគ្គីភ័យឆាបឆេះ ផ្ទះទាំង ១៤គ្រួសារ ក្នុង១ គ្រួសារ ទទួលបាន អង្ករ ៣០គីឡូក្រាម កៅស៊ូតង់ ៤ គុណ៥ម៉ែត្រ ចំនួន១ ម៉ុង១ ភួយ១ សារ៉ុង១ ក្រម៉ា ១ កន្ទេល១ ឆ្នាំង២ ចាន១០ ស្លាប១០ ទឹកសាអ៊ីវ១ យួរមី១កេះ ត្រីខរ១យួរប្រេងឆា២ដប អំបិល២គីឡូ ក្រាមសាប៊ូ១កញ្ចប់ និងថវិកា៤០ម៉ឺនរៀល និងអាជ្ញាធរសាលាស្រុកបរកែវ បានផ្តល់ជូនជាអង្ករ ៥០គីឡូក្រាម និងថវិកា ៥ម៉ីនរៀលបន្ថែមទៀត។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក៍បានដាស់តឿន រំលឹកដល់ប្រជាពលរដ្ឋ ក្នុងស្រុកបរកែវ ទាំងអស់ថា បងប្អូនប្រជាពលរដ្ឋ ត្រូវមានការ ប្រុងប្រយ័ត្ន និងមានការទប់ស្កាត់ កុំធ្វេសប្រហែស ក្នុងការប្រើប្រាស់ភ្លើង ចំអិនអាហារ អោយបានខ្ពស់ ព្រោះវានឹងងាយ មានហានីភ័យ ពាក់ព័ន្ធទៅនិង ការឆាបឆេះ ផ្ទះសម្បែង និងទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់៕ ដោយ.ឡុង សារេត