ទំព័រដើម

ជនពិការលើកគ្នា មកតវ៉ានៅមុខសាលាខេត្ត សុំឲ្យលោកអភិបាលខេត្ត ជួយឧបត្ថម្ភប្រាក់ខែគោលនយោបាយ ជូនដល់ពួកគាត់ផង

By សេង រាជសី

March 13, 2018

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨  មានជនពិការចំនួន៦៤នាក់ មកពីក្រុងស្រុកទាំង០៩ក្នុង ខេត្តបន្ទាយមានជ័យ តំណាងឲ្យជនពិការនៅក្នុងខេត្តចំនួន៥២០នាក់ មានស្រីចំនួន២៤នាក់ បាននាំគ្នាជិះរថយន្ត សំដៅមកសាលាខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការតវ៉ានៅមុខសាលាខេត្ត សុំឲ្យលោកអភិបាលខេត្ត ជួយរកដំណោះស្រាយឧបត្ថម្ភ គោលនយោបាយប្រាក់ខែ ជូនដល់ពួកគាត់ផង។

លោក ចាន់ សុម៉ុល ប្រុសអាយុ៥៣ឆ្នាំ រស់នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាជនពិការដាច់ជើងមួយខាង បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រុមជនពិការទាំង៦៤នាក់ ឡើងមកសាលាខេត្តនេះ ក្នុងគោលបំណងសុំ ឲ្យលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ជួយរកដំណោះស្រាយ ឧបត្ថម្ភគោលនយោបាយប្រាក់ខែ ជូនដល់ពួកគាត់ផង។

លោក ចាន់ សុម៉ុល បញ្ជាក់ឲ្យដឹងទៀតថា ជនពិការសរុបមានចំនួន៥២០នាក់ ក្នុងនោះក្រុងសិរីសោភ័ណចំនួន៥៣នាក់ ស្រុកមង្គលបូរី២៦នាក់ ស្រុកអូរជ្រៅ៦៣នាក់ ស្រុកព្រះនេត្រព្រះ២០នាក់ ស្រុកភ្នំស្រុក១៣៦នាក់ ស្រុកស្វាយចេក ១១៦នាក់ ស្រុកថ្មពួក៥៧នាក់ ស្រុកម៉ាឡៃ១៧នាក់ និងក្រុងប៉ោយប៉ែត៣២នាក់។

លោក ចាន់ សុម៉ុល បានបញ្ជាក់ឲ្យដឹងទៀតថា ជនពិការទាំង៥២០នាក់ នេះសុទ្ធតែពិការដៃរជើង ក្នុងភ្លើងសង្គ្រាមទាំងអស់ ហើយជនពិការទាំងអស់ កន្លងមកហានពលីជីវិត ក្នុងការការពារទឹកដី ហានប្តូរជីវិត សាច់ស្រស់ឈាមស្រស់ជូនជាតិមាតុភូមិ ហើយប្រទេសមានស្ថេរភាពរ ហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែ កងកំលាំងប្រដាប់អាវុធ ទាំងអស់ដែលជាអតីតជនពិការ នេះផងដែរ។

ក្នុងនោះដែរគេបានឃើញមន្ត្រី សាលាខេត្តម្នាក់ តំណាងឲ្យលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ចេញមកសម្រកសម្រួល ដល់ជនពិការទាំង៦៤នាក់ នោះ ហើយបានសន្យាថា និងយកសំណើរ របស់ជនពិការទាំងនោះ ដែលបានស្នើរសុំប្រាក់របបគោលនយោបាយប្របាំខែ ពីររដ្ឋាបាលខេត្ត និងចាត់ឲ្យក្រុមការងារខេត្ត ធ្វើការត្រួតពិនិត្យ ជាក់ស្តែង ដើម្បីឲ្យជនពិការ ទាំងអស់នោះទទួល បានការផ្តល់ប្រាក់ របបឧបត្ថម្ភ គោយនយោបាយ តាមការកំណត់របស់ខេត្តនៅថ្ងៃខាងមុខនេះ៕ ដោយ អនាគតថ្មី