Top10

កំលាំងកងរាជអាវុធហត្ថ​ ក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពីបទរក្សាទុក និងប្រើប្រាស់ សារធាតុញៀនខុសច្បាប់

By សេង រាជសី

March 27, 2018

បន្ទាយមានជ័យ ៖ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ លីបុទុម បន្ទប់លេខ ១០៦ និង ១០៧ ស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាប ករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានអោយដឹងថា នៅវេលាម៉ោង ១៥ និង ៣០នាទី លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប ករណីសង្ស័យខាងលើ និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ មានឈ្មោះ១-ឈ្មោះ ស្មៃ ចន្នី ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ន រស់នៅភូមិសែសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ២-ឈ្មោះ សាម៉ុន រិទី្ធ (ហៅ ក្តី) ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៣-ឈ្មោះ ម៉ន ស្រីសរ ភេទ ស្រី អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ បច្ចុប្បន្នរស់នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ៤-ឈ្មោះ ញាន សាវែង ហៅ ស្រីដែត ភេទ ស្រី អាយុ ២៤ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ បច្ចុប្បន្នរស់នៅភូមិបី សង្កាត់ព្រះពន្លស ក្រុងសិរីសោភ័ណ រួមជាមួយវត្ថុតាងរួមមាន  -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០៣កូនថង់តូច ស្មើ ១.៣៩ក្រាម -ទូរស័ព្ទដៃចំនួន ០២គ្រឿង (ម៉ាកណូគា ១០៥ ពណ៌ខ្មៅ) -នាឡិកាដៃចំនួន ០១ខ្សែ -ចិញ្ចៀនលោហធាតុពណ៌លឿងចំនួន ០១វង់ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តថា  ក្រោយធ្វើការសាកសួរ និងធ្វើតេស្តទឹកនោមរួច លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីរបស់ច្បាប់។ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា យោងតាមរបាយការណ៍ របស់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ មន្ត្រីជំនាញបានធ្វើការសាកសួរបន្ថែម ធ្វើតេស្តទឹកនោម និងតេស្តលើសារធាតុញៀន អាចបញ្ជាក់បានថា ជនសង្ស័យទាំង ០៤នាក់ខាងលើ ពិតជាបានរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ខុសច្បាប់ពិតប្រាកដមែន កម្លាំងជំនាញបានរៀបចំឯកសារ បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ ។ ដោយ លោក សេង រាជសី