Top10

ជនសង្ស័យម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ក្របួចជាប់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន

By សេង រាជសី

April 08, 2018

បន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពីបទជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធកែឆ្នៃ ដោយខុសច្បាប់។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំកងកម្លាំងសម្ថកិច្ច បានចុះប្រតិបត្តិការបង្រ្កាប ករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធកែឆ្នៃ ដោយខុសច្បាប់ ហើយបានឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១នាក់ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួណ នីណារ៉ូ បានឲ្យដឹងថា ដោយអនុលោមតាម ការណែនាំរបស់លោកសេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឲ្យលោកបានដឹកនាំកម្លាំង ចុះប្រតិបត្តិការបង្រ្កាប ករណីសង្ស័យ ខាងលើ និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ ណេង វង្សពិទូ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមជាមួយវត្ថុតាង រួមមានគ្រឿងញៀន មេតំហ្វេតាមីនទឹកកក ចំនួន ៨កូនថង់តូច ស្មើ ១២.៦៣ក្រាម គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ចំនួន ៤៤២គ្រាប់ ទូរស័ព្ទដៃចំនួន ១គ្រឿង ម៉ាកណូគា ពណ៌ខ្មៅ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង កាំភ្លើងប៊ិចបាញ់គ្រាប់ឡុក ១ដើម គ្រាប់កាំភ្លើងខ្លីម៉ាកឡុក ១គ្រាប់ ប្រាក់ខ្មែរចំនួន ១២៧.០០០រៀល ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តរទៀតថា ក្រោយធ្វើការសាកសួរជនសង្ស័យរួចមក លោកបាន កសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុន សឿង មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្ត ទទួលការងារគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ក្នុងនោះផងដែ លោកវរសេនីយ៍ឯក ស ប៊ុន សឿង បានបញ្ជាក់ថា យោងតាមរបាយការណ៍ របស់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត មន្ត្រីជំនាញបានធ្វើការសាកសួរបន្ថែម និងធ្វើតេស្តលើសារធាតុញៀន អាចបញ្ជាក់បានថា ជនសង្ស័យខាងលើ ពិតជាបានជួញដូរនូវ សារធាតុញៀន និងកាន់កាប់អាវុធកែឆ្នៃដោយខុសច្បាប់ ពិតប្រាកដមែន កម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់។  ដោយ អនាគតថ្មី