ទំព័រដើម

ចំនាយ រយៈពេល ៥ នាទី​ ស្វែងយល់ ពី វីធីថែទាំ សុខភាព ឲបានមំាមួន នៅ វ័យចាស់ ជរា

By ក្រុមការងារអនាគតថ្មី

May 25, 2017

សុខភាព វាគឺកក្តា សំខាន់បំផុត ដែលមនុស្ស គ្រប់រូប គួរតែចំនាយ ១០ នាទី ធ្វើការ ស្វែងយល់ពី វីធីថែទាំសុខភាព ចំពោះមនុស្សចាស់ ដើម្បីឲមានជីវិត ស្រស់បំព្រង យើងត្រូវពឹងផ្អែកលើគោលការណ៍ធំៗ ចំនួន គឺ ចំណីអាហារ ការហាត់ប្រាណ និង អនាម័យ។

I.ចំណីអាហារ

មនុស្សចាស់មានការបម្រែបំរួល រូបរាងកាយជាច្រើន ដែលវាជាហេតុបង្កឲមានការប៉ះពាល់ចំពោះការ ទទួលទានអាហារ ដូចជា បើធ្មេញបាក់ វានឹងធ្វើអោយ ការទំពារ អាហារ មិនបានល្អ រស់ជាតិអាហារដែលបានទទួលទាននិងក្លិន មានការចុះខ្សោយ ហូបមិនបានច្រើន ។ ការរំលាយអាហារ និងការស្រូបជញ្ជក់អាហាររបស់ក្រពះ ពោះវៀនចុះខ្សោយ។ រាងកាយបាន ស្រូបយកសារធាតុចិញិមមិនគ្រប់គ្រាន់ ដូចជាការនំាយកសារធាតុប្រូតេអ៊ីន នៅក្នុងអាហារ ទៅប្រើប្រាស់បានតិច រាងកាយបែរជាសន្សំជាតិខ្លាញ់កាន់តែច្រើន ធ្វើអោយរាងកាយឆាប់ធាត់ ខណៈដែលរាងកាយ ប្រើប្រាស់ជាតិស្ករយឺត ទើបបណ្តាល អោយជាតិស្ករនៅក្នុងឈាមកើនឡើងខ្ពស់ ។ ដូច្នេះ មនុស្សចាស់ត្រូវ បរិភោគ អាហារ ឲបាន ៥ ប្រភេទ ក្នុងមួយថ្ងៃ ដូចជា៖

១.ប្រូតេអ៊ីន : មាន សាច់សត្វ សណ្តែក ស៊ុត ទឹកដោះគោ ដែលសារជាតិ ទាំងនោះជំនួយដល់សាច់ដុំ។

២.បន្លែផ្សេងៗ : មានជាតិអំបិល វីតាមីន និងសារធាតុសរសៃ សែលុយឡូសក្នុងរាងកាយ។

៣.ផ្លែឈើ : មានជាតិអំបិល វីតាមីន និងសារធាតុសរសៃ សែលុយឡូសក្នុងរាងកាយដូចគ្នា។

៤.កាបូអ៊ីដ្រាត : បាយ ម្ស៉ៅ ត្រាវ ដំឡូង ស្ករ សម្រាប់ជួយបង្កើន ថាមពលដល់រាងកាយ។

៥.ប្រេង : ជាតិប្រេង ចម្រាញ់ពីសត្វ និង រុក្ខជាតិ ផ្តល់ថាមពលខ្ពស់។

ប្រសិនបើ មនុស្សគាត់ ទទួលទាន អាហារគ្រប់ទាំង ៥ ប្រភេទក្នុងមួយថ្ងៃ ដូចដែលបាន រៀបរាប់ខាងលើនេះ នោះរាងកាយ របស់គាត់នឹងទទួលបានសារធាតុអាហារគ្រប់ហើយ ដូច្នេះមិនចាំបាច់ចំណាយប្រាក់ទិញរបស់ជំនួយអ្វីឡើយ ព្រោះថា អាហារជំនួយមួយចំនួន ដែលលក់នៅលើទីផ្សារ ភាគច្រើន គេឃោសនាលើស ពីការពិត និងមានតម្លៃខ្ពស់ផងដែរ។

II.ការធ្វើលំហាត់ប្រាណ

ការហាត់ប្រាណ វាពិតជាផ្តល់អត្ថប្រយោជន៍ សម្រាប់មនុស្សគ្រប់ភេទ គ្រប់វ័យ ជាពិសេសគឺមនុស្សចាស់។ មនុស្សចាស់ពិតជា ចាំបាច់គួរតែធ្វើលំហាត់ប្រាណ រីឯរបៀបនៃការហាត់ប្រាណមានច្រើន បែបច្រើនយ៉ាងដូចជា៖

១.លេងកីឡាដែលខ្លួនចូលចិត្ត : ការហាត់ប្រាណដែលផ្តល់ នូវភាពរីករាយ និងបានជួបសំណេះសំណាលជាមួយអ្នកដ៏ទៃទៀតផង ។ ប៉ុន្តែមនុស្សចាស់ គួរលេងកីឡាណាដែល មិនធ្វើអោយ បាក់កម្លាំងទេគួរតែ ហ្វឹកហាត់ល្មម ទៅតាមសមត្ថភាព របស់ខ្លួន បានហើយ។ គួរជៀសវាងលេងកីឡាណា ដែលធ្វើអោយ ប៉ះពាល់ដល់បេះដូង ឬ បង្កឲមានគ្រោះថា្នក់បាន។

២.ហ្វឹកហាត់ត្រង់សាច់ដុំផ្នែកខ្លះ : ជាពិសេសមនុស្សដែលមាន វ័យចំនាស់ច្រើនតែឆាប់ ឈឺក្បាល់ជង្គង់ និងសន្លាក់ណាស់ ដូចនេះ លោកអ្នក គួរតែហឹ្វកហាត់ត្រង់សាច់ដុំត្រង់ជង្គង់ ដើម្បីជួយទ្រសន្លាក់កុំឲឈឺក្បាលជង្គង់ នៅពេលធ្វើចលនា។ ចាស់ៗ ដែលមានសន្លាក់ ឆ្អឹងខ្នងចុះខ្សោយគួរតែធ្វើលំហាត់ប្រាណ ត្រង់សាច់ដុំខ្នង ដើម្បីកាត់បន្ថយការឈឺខ្នងផងដែរ។

៣.ការហាត់ប្រាណតាមក្បាច់តែជី : ការធ្វើចលនាយឺតៗ វាជួយសម្រួលដល់សរសៃ ហ្វឹកហាត់ឲសាច់ដុំរឹងមាំ ឈរទប់ខ្លួនឲមានលំនឹង កុំឲដួល។

៤.ការហាត់ប្រាណតាមរបៀបអ៊ែរ៉ូប៊ិក : គឺជាការហាត់ប្រាណដែលកំពុងតែពេញនិយម មិនថាចាស់ក្មេងប្រុសស្រី ច្រើនធ្វើឡើងជាក្រុម ទៅតាមចង្វាក់ ដែលខ្លួនប្រាណមានចលនាឥតឈប់ចាប់ ពី ៣ ទៅ ៥ នាទីឡើងទៅ។ វាមានអត្ថប្រយោជន៍ សម្រាប់មនុស្សចាស់ និងជួយការពារជឺងឺស្ទះសៃឈាមក្នុងបេះដូង។ លក្ខណៈនៃការហាត់ ប្រាណតាមរបៀបអ៊ែរ៉ូប៊ិ មានដូចជា ការរត់ត្រឹកៗ ការដើរឲលឿន ជិះកង់ ហែលទឹក រំាអ៊ែរ៉ូប៊ិក រឺ ហាត់ប្រាណដោយប្រើឧបករណ៍ដូចជា ធាក់កង់ នៅមួយកន្លែង និង ដើរលើខ្សែពានជាដើម។

III.អនាម័យ

អនាម័យជាចំនុច សំខាន់ មិនចាញ់ចំនុចទាំងពីរខាងលើនោះឡើយ ពីព្រោះមនុស្សចាស់ បើខ្វះអនាម័យ និងមើលថែ សុខភាពពុំបានល្អទេនោះ ប្រាកដជា អាចមានជំងឺដង្កាត់ផ្សេងៗមកប្រៀតបៀនជាមិនខាន។ គោលការណ៍នៃការថែទាំ អនាម័យសម្រាប់មនុស្សចាស់ មានដូចជា ៖

១.កាត់បន្ថយឬ បញ្ឈប់ការបរិភោគ ប្រើប្រាស់សារជាតិពុលផ្សេងៗដែលចូលទៅក្នុងរាងកាយ ដូចជា បារី ស្រា ភេសជ្ជៈដែលមានជាតិ ស្រវឹងផ្សេងៗ និង ប្រើប្រាស់ថ្នាំដែលមានជាតិញៀន។

២.សង្កេតខ្លួនឯង ជំងឺជាច្រើន ប្រភេទអាចព្យាបាលឲជាដាច់ ឬទទួលបានលទ្ធផលល្អប្រសើរ អាស្រ័យលើយើងបាន សង្កេតដឹងអំព អាការៈ ជំងឺនោះ តាំងពីកើតដំបូង ដូច្នោះមនុស្សចាស់គួរតែចាប់ អារម្មណ៍ និងសង្កេតតាមដាន ផ្ទាល់ខ្លួនឲបានជិត ដល់ដូចជា ដំបៅរុំារ៉ៃ ដែលកើត មានជាយូរមកហើយមិនជា ឬកាន់តែរីកធំឡើង បញ្ហាលេបអាហារ រំលាយអាហារ ហើមពោះរាករូល ទល់លាមក ជំងឺក្អករុំារ៉ៃ ក្អកធ្លាក់ឈាម សំឡេងស្អក ឆាប់នឿយហត់ ឈឺដើមទ្រូង គ្រុនរុំារៃ ចុះស្គមដោយពុំ ដឹងពីមូលហេតុជាដើម។ អ្វីដែលសំខាន់ គឺមិនត្រូវគិតថា អាការៈទាំងនេះគឺជាជំងឺនៃជរាភាពនោះទេ ព្រោះចាស់ៗមួយចំនួន គាត់មិនចងទៅអោយគ្រួពេទ្យពិនិត្យ។ពេលដែល អ្នកមិនប្រាកដក្នុងចិត្ត សូមទៅពិគ្រោះជាមួយគ្រូពេទ្យដោយ ផ្ទាល់ ដើម្បីពិនិត្យព្យាបាលឲទាន់ពេលវេលា។

៣.ពិនិត្យសុចភាពប្រចាំឆ្នាំ ទោះបីមានអារម្មណ៍ថា ខ្លួនមានសុខភាពល្អរឹងមាំក៏ដោយ ក៏អ្នកគួរទៅត្រូតពិនិត្យ សុខភាពឲបាន យ៉ាងតិច ១ ទៅ ២ ដងក្នុងមួយឆ្នាំ ពីព្រោះថា ជំងឺឬភាព ខុសប្រក្រតី ខ្លះអាចកើត មានដោយ មិនបង្ហាញ ពីអាការៈ ខុសធម្មតា អ្វីនៅឡើយ ទេក្នុង ដំណាក់កាលដំបូង។ក្នុងការត្រួតពិនិត្យសុខភាព តាមការណែនាំរបស់គ្រូពេទ្យ ដូចជា ពិនិត្យ វិភាកឈាម លាមក សរីរាង្គដែលចាំបាច់ និងសង្ស័យចំពោះស្រ្តី គួរពិនិត្យជំងឺស្រ្តីជាបន្ថែមនិងជាប្រចាំ។