Top10

លោក ស វាសនា មេបញ្ជាការសឹងរងស្រុកម៉ាឡៃ កំពុងផ្គើនទៅនឹងបទបញ្ជារ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

By cham

April 27, 2018

ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍មួយបាន លេចឮថា លោក ស វាសនា មេបញ្ជាការសឹងរង ស្រុកម៉ាឡៃ កំពុងផ្គើននឹងបទបញ្ជារ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបើកដៃ អោយកូនចៅនាំពលករឆ្លងដែន ដោយខុសច្បាប់ និងថែមទាំង លួចចេញនូវទំនិញគេចពន្ធ សព្វសារពើ គ្រប់ប្រភេទ និងមានថែមទាំង រថយន្តចង្កូតស្តាំ ចេញតាមច្រករបៀងដើមអំពិល ក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃផងដែរ។

បើតាមប្រភពដដែល បានបន្តទៀតថា ច្រករបៀង “ដើមអំពិល” មួយនេះគ្រប់គ្រងដោយលោកស័ក្តិ១ ឈ្មោះ ហុង គឹមហៀង ស្ថិតនៅក្រោមការគ្រប់គ្រង របស់លោក ស វាសនា មេបញ្ជាការសឹងរង ស្រុកម៉ាឡៃ ដែលបានបើកដៃ អោយលោកហុង គឹមហៀង ជាកូនចៅ របស់ខ្លួន រកលុយ ដោយនាំពលករចេញ ចូលដោយខុសច្បាប់ និងនាំទំនិញ គេចពន្ធ យ៉ាងពេញទំហឹង។

ខណៈពេលដែលសមត្ថកិច្ច នៅតាមព្រំដែន កម្ពុជា.ថៃ កំពុងតែទប់ស្កាត់នូវ ពលករលួច ឆ្លងដែន ថែមទាំងមានទំនិញ គេចពន្ធ គ្រប់ប្រភេទ ត្រូវបានទប់ស្កាត់ ទង្វើនេះហើយ ដែលគេសង្ស័យថា លោក ភ្លន់ តារា មេសឹងរងខេត្តបន្ទាយមានជ័យ បែបបានទទួលលាភសក្ការៈដែរហើយ ទើបបានសំងំ យ៉ាងស្ងៀមស្ងាត់ បណ្តោយអោយកូនចៅ របស់ខ្លួន ប្រពឹ្រត្តិអំពើពុករលួយ ឥតឈប់ឈរ នៅតាមបន្ទាត់ព្រំដែនទៅវិញ។

បើតាមការសុើបអង្គេត អស់មួយរយៈពេល បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចប់ មេខ្យល់ក៏បាន អូសទាញពលករខ្មែរ ឆ្លងដែនតាមច្រករបៀង របស់លោក ហុង គឹមហ៊ាង (ច្រកដើមអំពិល) ដោយខុសច្បាប់ ទៅរកការងារ ធ្វើនៅប្រទេសថៃ យ៉ាងគគ្រឹកគគ្រេង អង្គុយចាំនៅមាត់អូរព្រំដែន រាប់សិបនាក់ ក្នុង១ថ្ងៃៗ ចំណែកអាជ្ញាធរ និងសមត្ថកិច្ច ដែលមានតួនាទី មើលការខុសត្រូវ លើបញ្ហានេះ ហាក់ដូចជា មិនអើពើ អ្វីនោះឡើយ ពោលគឺរក្សា ភាពស្ងប់ស្ងាត់ចាំទទួលផលប្រយោជន៍ តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋ រស់នៅតាមបន្ទាត់ ព្រំដែនបានអោយដឹងថា ៖ រហូតមកដល់ ពេលនេះនៅតែ មានមេខ្យល់ មួយចំនួន បាននាំពលករខ្មែរ ឆ្លងដែនខុសច្បាប់ ចូលទៅ រកការងារធ្វើលើទឹកដីថៃ យ៉ាងពេញបន្ទុកដដែល ពុំមានការថយចុះនោះឡើយ ហើយថ្មីៗនេះមានពលរដ្ឋខ្មែរ រាប់សិបនាក់ ត្រូវបានមេខ្យល់អូសទាញ ដឹកយកទៅ លាក់ទុកតាម មាត់អូរព្រំដែន ដើម្បីរង់ចាំ រថយន្តបន្តរដំណើរ ចូលទៅធ្វើការ លើទឹកដីថៃ ក្នុងបណ្តាខេត្តនានា បន្ទាប់ពីគេបានធ្វើ ស្ពានឆ្លងកាត់ អូរព្រំដែនងាយស្រួលនឹងឆ្លងកាត់។

ទោះជាយ៉ាងណាក៏ដោយ បើតាមប្រភពច្បាស់ការ សុំមិនបញ្ចេញឈ្មោះ បានអោយអង្គភាព អនាគតថ្មី ដឹងថា ច្រករបៀង “ដើមអំពិល” នេះ ក៏មានការលួចចេញរថយន្ត ទំទើបចង្កូតស្តាំ នៅពេលយប់ស្ងាត់ ជួនកាលពេលថ្ងៃក៏មានដែរ។

គួរបញ្ជាក់ផងដែរថា អំពើពុករលួយលួចចេញ ឮចូលទំនិញ តាមច្រករបៀងខុសច្បាប់ទាំងនេះ សម្តេចក្រលាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជារអោយបិទច្រករបៀងខុសច្បាប់ទាំងអស់ ដែលនាំឲ្យបាត់បង់ពន្ធ ចំណូលចូលរដ្ឋ យ៉ាងពេញបន្ទុក។ តែគួរអោយសោកស្តាយ មន្ត្រីយោធានៅចំណុចនេះ បែរជាផ្គើនមិនស្តាប់បទបញ្ជារ នៅតែបន្ត ឯអាជ្ញាធរដែមានសមត្ថកិច្ច បែរជាគ្មានការទប់ស្កាត់ មើលមិនឃើញ រក្សាភាពស្ងប់ស្ងាត់ទៅវិញ។

ពាក់ព័ន្ធនឹងពលករឆ្លងដែន រួមទាំងទំនិញ គេចពន្ធទាំងអស់ខាងលើនេះ អ្នក សារព័ត៌មានយើង មិនទាន់អាចសុំការបំភ្លឺពីមន្ត្រីយោធា ដែលពាក់ព័ន្ធបានទេ ដោយគ្មានលេខទំនាក់ទំនង ហើយខាងអង្គភាពយើងខ្ញុំនិង រង់ចាំឆ្លើយបំភ្លឺរាល់ម៉ោងធ្វើការ៕ ដោយលោក សេង រាជសី