ទំព័រដើម

ក្រុមប្រើប្រាស់ គ្រឿងញៀន មួយក្រុមធំ ត្រូវកំលាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បង្ក្រាបបាន

By សេង រាជសី

April 30, 2018

បន្ទាយមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង ៣០នាទី នៅចំណុចបន្ទប់ជួលលេខ ១២២ ក្នុងសណ្ឋាគារកាស៊ីណូហ្រ្កោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា នៅវេលាម៉ោង ១៨ និង ០០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោកបានទទួលព័ត៌មាន ស្តីពីការជួញដូរ និងប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ នៅចំណុចកើតហេតុខាងលើ និងដោយអនុវត្តន៍ តាមការអនុលោម របស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបភ្លាមៗ នៅនឹងកន្លែងតែម្តង ពេលកម្លាំងសមត្ថកិច្ចបានចុះ ទៅដល់ចំណុចសង្ស័យខាងលើ ម្ចាស់បន្ទប់ដែលជាអ្នកជួញដូរ នូវសារធាតុញៀនហាក់ដូចជាដឹងខ្លួនមុន បានរត់គេចខ្លួនបាត់ នៅសល់តែជនសង្ស័យ ០១ក្រុម កំពុងនិងប្រមូលផ្តុំគ្នា ដើម្បីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

សម្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ រួមមាន ៖ ១-ឈ្មោះ សែម សុឃឿន (ហៅ ១៨) ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ប៉ែន សុធារឹទ្ធិ (ហៅ ង៉ា ) ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ៣-ឈ្មោះ សឿន ពៅ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ៤-ឈ្មោះ ម៉ៅ ខួច ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ៥-ឈ្មោះ គី យ៉ាណូ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ៦-ឈ្មោះ ស៊ុក បូរី ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ៧-ឈ្មោះ គូ រចនា (ហៅ ស្រីទូច) ភេទ ស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ៖ ក្នុងប្រតិបត្តិការបង្រ្កាបខាងលើ បានចាប់យកវត្ថុតាងរួមមាន -គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំណួន ៥៤កូនថង់ ស្មើ ១៧.៥ក្រាម -គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ១៩០គ្រាប់ -ទូរស័ព្ទដៃចំនួន ០៦គ្រឿង -កាបូប ចំនួន ០២ -ប័ណ្ណព្រំដែនរបស់ឈ្មោះ ម៉ៅ ទូច ចំនួន ០១ក្បាល -កងដៃលោហធាតុពណ៌លឿង ដាំត្បូងពណ៌ស ចំនួន ០១ -ខ្សែកលោហធាតុពណ៌លឿងស ចំនួន ០១ខ្សែ ប្រវែង ៤៥សង់ទីម៉ែត្រ -ខ្សែកទង់ដែងពណ៌ស បណ្តោងរូបព្រះ ០១ខ្សែ ប្រវែង ៦៥សង់ទីម៉ែត្រ -ចិញ្ចៀនលោហធាតុពណ៌លឿង ដាំត្បួង ចំនួន ០១វង់ -នាឡិកាដៃ ចំនួន ០៣គ្រឿង -ថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ ដោយផ្អែកតាមការបំភ្លឺរបស់សាក្សី និងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានបញ្ជាក់ថា រូបគេទាំង ០៧នាក់ (ជនសង្ស័យ) បានទិញគ្រឿងញៀនពីឈ្មោះ ឡៃ ភេទ ប្រុស អាយុប្រហែល ៤៥ឆ្នាំ ជនជាតិថៃ ដែលជាម្ចាស់បន្ទប់លេខ១២២ ជាន់ក្រោមដី ក្នុងកាស៊ីណូហ្ក្រោន។

ក្រោយទទួលបាន ចម្លើយសារភាព របស់ជនសង្ស័យ លោកបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍ របស់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ ។ ដោយ សេង រាជសី