ខេត្តបន្ទាយមានជ័យ ៖ លោក ប៉ោ វណ្ណាត ទីប្រឹក្សាជាន់ក្រុមហ៊ុន ភីវីអ៊ិន គ្រុប និយាយក្នុងឱកាសសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែស្ងួត ភី វី អ៊ិន នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ថា ផែស្ងួតនេះមានទំហំដី១៤.១ហិកតា ស្ថិតក្នុងភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ជាប់ទីប្រជុំជន មានមនុស្សនៅច្រើន និងប្រកបដោយសក្តានុពល សេដ្ឋកិច្ចខ្ពស់ ដូចជា តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសជាដើម។ ផែស្ងួតនេះស្ថិតនៅ ចម្ងាយតែ៥គីឡូម៉ែត្រ ពីច្រកទ្វាអន្តរជាតិ ក្លងលឹក និង២គីឡូម៉ែត្រពីច្រកអន្តរជាតិស្ទឹងបត់ ណងអៀន ដែលជាច្រកចរាចរណ៍ ទំនិញចេញចូលយ៉ាងច្រើន។
លោកបន្តថា កាលពីឆ្នាំ២០១៥ ដោយបានការសម្រេច ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឲ្យបង្កើតជាផែស្ងួត និងធ្វើអាជីវកម្មសន្និធិ គយបណ្តោះអាសន្ន ទើបក្រុមហ៊ុនកសាងមូលដ្ឋានសេវាកម្មរួមមាន អាគារការិយាល័យ ឃ្លាំងស្តុកទំនិញ ទីលានស្តុកកុងទីន័រ ចំណតរថយន្ត របងក្លោងទ្វារ ប្រពន្ធ័ទឹកស្អាត អគ្គីសនី និងបំពាក់គ្រឿងចក្រទំនើបៗ ប្រពន្ធ័កាំម៉េរ៉ាសុវត្ថិភាព ឲ្យសាកសមជាផែស្ងួត ប្រកបដោយគុណភាព និងតាមស្តង់ដាអន្តរាជាតិ។
នៅដំណាក់ទី១ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមក ក្រុុមហ៊ុនបានដាក់ឲ្យដំណើរការ ផែស្ងួតនេះ រួមមានសេវា សេវាកម្មលើកដាក់ ឃ្លាំងស្តុកទំនិញ សេវាលើកដាក់បំលាស់ទី និងស្តុកកុងទីន័រ សេវាកម្មដឹកជញ្ជូនទំនិញ។ ក្រុមហ៊ុនក៏ទទួលការអនុញាតិ ឲ្យដាក់ម៉ាស៊ីនស្គេនកុងទីន័ររួចជាស្រេច លើផែនការ អាជីវកម្មរបស់ខ្លួនក្រុមហ៊ុន នឹងពង្រីកផ្ទៃដីឲ្យបាន៣០ហិកតា ទីលានស្តុកកុងទីន័រ ចំណតរថយន្តដឹកទំនិញ សាងសង់ឃ្លាំងស្តុក ទំនិញឲ្យបាន១២ខ្នង និងបំពាក់គ្រឿងចក្រ គ្រឿងយន្តទំនើបៗ។ សមទ្ធផលថ្មីរបស់ក្រុមហ៊ុនមួយនេះ និងអាចចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ បង្កើតការងារធ្វើ កាត់បន្ថយ ភាពក្រីក្រ និងចំណាកស្រុក របស់ពលរដ្ឋ។
លោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ បានថ្លែងថា មានការគ្រប់គ្រងបីច្រក រួមមាន១ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ២ច្រកតំបន់ព្រំដែនម៉ាឡៃ ៣ច្រកព្រំដែនបឹងត្រកួន ក្នុងនោះច្រកប៉ោយប៉ែត ប្រមូលបានចំណូលច្រើនជាងគេ ដែលទំនិញភាគច្រើនមាន រថយន្ត ម៉ូតូ គ្រឿងសំណង់ គ្រឿងកសិកម្ម គ្រឿងឧបភោគបរិភោគ។ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា បច្ចុប្បន្នខេត្តបន្ទាយមានជ័យ មានការរីកចម្រើនខ្លាំង ស្ទើគ្រប់វិស័យ ក្នុងនោះក្រុងប៉ោយប៉ែត គឺជាសរសៃឈាមសេដ្ឋកិច្ច ដែលគ្របដណ្តប់ដោយ ពាណិជ្ជកម្ម និងទេសចរណ៍។ ថ្ងៃនេះពិតជាមានមោទនភាពណាស់ ដែលធុរជន ពាណិជ្ជករ និងអ្នកវិនិយោគ បានបង្កើតក្រុមហ៊ុនផែស្ងួត ក្នុងការចូលរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។
លោកឧត្តមសេនីយនីយ៍ ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សមត្ថកិច្ចទាំងនេះ គឺបានបង្កើតឡើង ដោយកូនខ្មែរ បង្កើតឱកាសការងារ ឲ្យពលរដ្ឋ ជួយដល់ការអភីវឌ្ឍន៍ សង្គមជាតិ ក្នុងនោះ លោក ក៏សូមអំពាវនាវដល់ពលរដ្ឋគ្រប់រូប ត្រូវចូលរួម និងនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើស មេដឹកនាំប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន មានទាំងការអភិវឌ្ឍន៍ និងសន្តិភាព៕ ដោយ អនាគតថ្មី