Top10

ការប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្កដា របស់ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី

By សេង រាជសី

July 05, 2018

ខេត្តរតនគីរី ៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ព្រឹកមិញ ក្នុងឪកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា ៩កក្កដា ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី បាននាំយក កូនឈើចំនួន២០១៩ដើម កូនឈើទាំងនោះត្រូវបានគេ ដាំលើផ្ទៃដី តាមដងផ្លូវក្នុងភូមិសាស្ត្រ ដីសប្បទានសង្គមកិច្ច ស្ថិតនៅចំណុចភូមិ៣ ឃុំត្រពាំងក្រហមស្រុកកូនមុំ។

ក្នុងពិធីសំណេះសំណាលព្រឹកមិញនេះ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី បានមានប្រសាសន៍ ទៅកាន់ថ្នាក់មន្ត្រីក្នុងខេត្តទាំងអស់ថា មន្ត្រីរាជការ និងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ ត្រូវចេះជួយថែរក្សាដើមឈើ និងកូនឈើដែលដាំរួច ហើយក្នុងកម្មវិធីឯកឧត្តម ថង សាវុន អភិបាលខេត្តបានថ្លែងទៅកាន់ ក្រុមជនល្មើសមួយចំនួនតូច ដែលបានកាប់ព្រៃឈើ រុករានទន្ត្រាន់យកដីរដ្ឋ ស្ទើគ្រប់កន្លែង និងកាប់យកព្រៃឈើលក់ ធ្វើជាកម្មសិទ្ធដោយខុសច្បាប់ ឯកឧត្តមថានេះជាបញ្ហារប្រឈមជាមួយនិងច្បាប់។

ឯកឧត្តមបានមានប្រសាសន៍ បន្តថា ប្រជាពលរដ្ឋក្នុងខេត្ត និងកម្លាំងសមត្ថកិច្ច ទាំងបីប្រភេទចូលរួមដាំដើមឈើ ឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីចូលរួមបង្កើន គម្រប់ពណ៌បៃតង និងជួយបន្ថយ ការប្រែប្រួលអាកាសធាតុ នៃភពផែនដី រួមទាំងបរិស្ថាន និងធនធានធម្មជាតិ ឲ្យមាននិរន្តរភាពល្អប្រសើរថែមទៀត ។

ពាក់ព័ន្ធទៅនិងការដាំកូនឈើ ក្នុងស្រុកកូនមុំខាងលើនេះ លោក កែប កត់ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគីរី លោកបានបញ្ជាក់អោយ{អនាគតថ្មី} ដឹងនៅរសៀលថ្ងៃទី៥ ខែកក្កដា មុននេះបន្តិចថា កូនឈើចំនួនជាង ២ពាន់ដើម ខាងលើនេះមាន៦ប្រភេទ និងប្រភេទកូនឈើហូបផ្លែមានចំនួន៣រួមមាន ទី១-ដើមស្វាយ ទី២-ដើមទឹកដោះ ទី៣-ដើមខ្នោរ រួមទាំងដើមឈើ ដ៍មានតម្លៃមួយចំនួនទៀតដូចជា ដើមក្រញូង ដើមគរគី ដើមឈើទាល នាយខ័ណ្ឌរដ្ឋបាលព្រៃបានអំពាវនាវ សុំឲ្យប្រជាពលរដ្ឋ ដាំដើមឈើគ្រប់ទីកន្លែង ក្នុងខេត្តនិងជួយថែរក្សាព្រៃឈើទាំងអស់គ្នា៕ ដោយ.ឡុង សារេត