ទំព័រដើម

តើការរៀបចំរដ្ឋសភា ក្នុង ប្រទេសកម្ពុជាយើង គេរៀបចំយ៉ាងម៉េច?

By ក្រុមការងារអនាគតថ្មី

May 25, 2017

រដ្ឋអធិបតេយ្យ​ ដែលប្រកាន់យក របបប្រជាធិបតេយ្យសេរី ជាគោលការណ៍ គេធ្វើការបែបចែក អំណាចជាបី គឺ អំណាចនីតិបញ្ញាត្តិ (Legislative Power) , អំណាចនីតិប្រតិបត្តិ (Executive Power),អំណាចតុលាការ(Judaical Power) ។ ចំពោះប្រទេសកម្ពុជា យើង ជារដ្ឋអធិបតេយ្យដែរនោះ ហើយបានប្រកាន់យក របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ (Constitutional monarchy) ដែលមាន រូបភាពសភានិយម ក៏បានធ្វើការបែងចែក អំណាចទំាងបីដាច់ពីគ្នាដែរ។ ថ្ងៃនេះ អនាគតថ្មី សូមលើកយក អំណាចនីតិបញ្ញត្តិ មកធ្វើការបង្ហាញជូនដល់បងប្អូនជនរួមឈាម ទំាងអស់បាន យល់សិន យើងដឹងហើយថា អំណាចនីតិបញ្ញត្តិ គឺដឹកនាំដោយ សភា(Parliament) ។ ប្រព័ន្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានសភាពីរ គឺ រដ្ឋសភា ឬ សភាជាតិ (National Assembly) និង ព្រឹទ្ធសភា (Senate)។ រដ្ឋសភា ឬ សភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មានសមាជិកយ៉ាងតិច ១២០ រូប (នីតិកាលទី២ មាន ១២២ រូប) ដែលជ្រើសតាំង ដោយការបោះឆ្នោតជា សាកល ដោយសេរី ដោយចំពោះ និងតាមវិធីជ្រើសរើស ជាសំងាត់។ នីតិកាល របស់ រដ្ឋសភា ឬ សភាជាតិ មានកំណត់ ៥ឆ្នាំ ដែលផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ តើការរៀបចំរដ្ឋសភា ក្នុងប្រទេសកម្ពុជាយើង គេរៀបចំយ៉ាងម៉េច? ការរៀបចំរដ្ឋសភាគេរៀបចំដូចខាងក្រោម ៖

I.អ្នកដឹកនាំ (The Leaders)

រដ្ឋសភាដឹកនាំដោយប្រធាន មួយរូប អនុប្រធានទីមួយ មួយរូ និង អនុប្រធានទីពីរ មួយរូប។ អ្នកទាំងបីរូបនេះត្រូវបានបោះឆ្នោត រើសចេញ ពីតំណាងរាស្ត្រ (សមាជិករដ្ឋសភា) និងដោយតំណាងរាស្ត្រផ្ទាល់។

II.គណៈកម្មាធិការអចិន្ត្រៃយ៍ (Permanent/ Standing Committee)

គណៈកម្មាធិការអចិន្ត្រៃយ៍ គឺជា អង្គការកំពូលរបស់រដ្ឋសភា ជាអ្នករៀបចមរបៀបវារៈនៃអង្គប្រជុំនីមួយៗ និង ភារកិជ្ចសំខាន់ៗ ជាច្រើនទៀត។ សហាសភាព គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាមាន ៖

ប្រធានរដ្ឋសភា អនុប្រធានទាំងពីរ នៃរដ្ឋសភា ប្រធានគណៈកម្មកានានា នៃរដ្ឋសភា ។ ប្រធានរដ្ឋសភាជាប្រធាន គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃរដ្ឋសភា។

III.គណៈកម្មការនានា (Commissions)

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មាន គណៈកម្មការចំនួន ៩ គឺ

១.គណៈកម្មការការពារសិទ្ធិមនុស្ស និង ទទួលពាក្យបណ្តឹង (Commission of Protection of Human rights and Reception of Complaints)

២.គណៈកម្មការហិរញ្ញវត្ថុ និង ធនាគារ(Commission of Finance and Banking)

៣.គណៈកម្មការសេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម អភិវិឌ្ឍន៍ជនបទ និង បរិស្ថាន(Commission of Economy ,Planning, Investment, Agriculture, Rural Development and Environment)

៤.គណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត និង បោសសំអាត(Commission of Home Affairs, National Defense, Investigation and Anti-Corruption)

៥.គណៈកម្មការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និង ព័ត៌មាន(Commission of Foreign Affairs ,International Cooperation, information and media)

៦.គណៈកម្មការនីតិកម្ម ទទួលបន្ទុកផ្នែកច្បាប់ (Commission of Legislation)

៧.គណៈកម្មការអប់រំ ធម្មការ វប្បធម៌ និង ទេសចរណ៍(Commission of Education,Religious Affairs, Culture and Tourism)

៨.គណៈកម្មការសុខាភិបាល សង្គមកិច្ច ការងារ និងកិច្ចការនារី(Commission of Health, Social Affairs, Labor and Women’s Affairs)

៩.គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល និង ពាណិជ្ជកម្ម (Commission of Public work ,Transport, Communications, Post-Office, Industry, Energy, Mines and Trade)

គណៈកម្មការនីមួយៗ មានប្រធានមួយរូប អនុប្រធានមួយរូប លេខាធិកាមួយរូប និង សមាជិកពី ២ រូប ទៅ ១១ រូប ដែលសុទ្ធតែ ជា សមាជិករដ្ឋសភា។គណៈកម្មការនីមួយៗ មានឯកទេសជាពិសេស ក្នុងវិស័យច្បាប់ ឬមុខការរបស់រដ្ឋាភិបាល ហើយត្រួតមើល ក្រសួងមួយ ឬច្រើនរបស់រាជរដ្ឋាភិបាល ដែលមានការទទួលខុសត្រូវ ទាក់ទង់ សមត្ថកិច្ចរបស់ខ្លួន។ រដ្ឋសភាអាចតែតតាំង គណៈកម្មការពិសេស ដែលមានសមាជិកច្រើន ឬតិចតាមតំរូវការ។

IV.អគ្គលេខាធិកាដ្ឋាន (Secretariat General)

រដ្ឋសភាមាន អគ្គលេខាធិការដ្ឋានមួយ ទទួលបន្ទុកផ្នែករដ្ឋបាល ដូចជារៀបចំធ្វើកំណត់ហេតុរបស់រដ្ឋសភា និង របស់ គណៈកម្មការនានាជាដើម។ អគ្គលេខាធិការដ្ឋាន ទទួលរាប់រងផងដែរ ផ្នែកទំនាក់ទំនងផ្សេងៗ ក្រៅរដ្ឋសភា។អគ្គលេខាធិការដ្ឋាន ត្រូវដឹកនាំដោយ អគ្គលេខាធិការមួយរូប និង មាន អគ្គលេខាធិការរងមួយរូបជាជំនួយការ។អគ្គលេខាធិការ និង អគ្គលេខាធិការរង ត្រូវជ្រើសតាំង ក្នុងចំណោម មន្ត្រីជាន់ខ្ពស់ ដែលមានបទពិសោធន៍ក្នុងកិច្ចការ រដ្ឋបាលយ៉ាងតិច ១០ ឆ្នាំ ហើយមិនមែនជាសមាជិករដ្ឋសភា និងមិនមែនជាអ្នកដឹកនាំគណបក្សនយោបាយណាមួយឡើយ។អគ្គលេខាធិការ និង អគ្គលេខាធិការរងត្រូវតែងតាំងដោយព្រះរាជក្រឹកត្យ ហើយមានថានៈស្មើរដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ។ បុគ្គលិកនៃ អគ្គលេខាធិការដ្ឋានទាំងអស់ ត្រូវតែងតាំងដោយប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់អគ្គលេខាធិការ។

V.បទបញ្ជាផ្ទៃក្នុង (Interior Regulation)

រដ្ឋសភាមានបទបញ្ជាផ្ទៃក្នុង របស់ខ្លួន បង្កើតនូវរចនាសម្ព័ន្ធផ្ទៃក្នុង និង ចែងលំអិតពីប្រតិបត្តិការរដ្ឋសភា។

យើងនឹងវគ្គក្រោយយើងនឹងលើកយក ពី ការរៀបចំព្រឹទ្ធសភា ម្តង ដើម្បីអោយមិត្តអ្នកអានទាំងអស់ស្វែងយល់ទាំងអស់គ្នា ។ដោយ អនាគតថ្មី