ព្រះវិហារ ៖ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថាក្រុមហ៊ុនសំអឿន សុវណ្ណនៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃអភិរក្ស និងព្រៃសហគមន៍ ចូលការដ្ឋានក្រុមហ៊ុននេះដដែល ហើយដោយឡែកលោកវ៉េងសុខុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងលោកសៅសុខា មេប៉េអឹមលើផ្ទៃប្រទេស ដែលជាអ្នកទទួលបន្ទុកបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ពី សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាជាចក្រកម្ពុជា។ក៏ប៉ុន្តែតើហេតុអី្វបានជាឯកឧត្តមនាយឧត្តមសេនីយ៍ សៅសុខា នឹងលោកវ៉េងសុខុន មិនចុះធ្វើការស៊ើបអង្កេតផង ឬក៏ លោកវ៉េង សុខុន នឹងលោកសៅសុខា ត្រូវថ្នាំសណ្តំម្ចាស់ក្រុមហ៊ុនសំអឿន សុវណ្ណ ហើយទេដឹង។
ប្រជាសហគមន៍រស់នៅឃុំសង្កែពីរ ស្រុកឆែប និងសកម្មជនបរិស្ថាន សង្កេតឃើញថា ការប្រមូលទិញឈើខុសច្បាប់ពីដែនជម្រកសត្វព្រៃព្រះរកា ព្រៃសហគមន៍ និងដែនជម្រកសត្វព្រៃឡង់ ពីសំណាក់ក្រុមហ៊ុនសំអឿនសុវណ្ណ គឺធ្វើឲ្យដើមឈើធំៗ ក្នុងតំបន់ព្រៃការពារធម្មជាតិទាំងនោះនឹងរលាយទាំងស្រុងនៅពេលដ៏ខ្លីខាងមុខ។
សហគមន៍រស់នៅឃុំសង្កែពីរថ្លែងមិនហ៊ានបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី២០ ឧសភាថា ព្រៃសហគមន៍សាមគ្គីសង្កែពីរ និងព្រៃសហគមន៍ផ្សេងទៀតស្ថិតក្នុងស្រុកឆែប និងស្រុកជ័យសែន បានបាត់បង់ដើមឈើធំៗ អស់ស្ទើរទាំងស្រុង ដោយសារអ្នកភូមិខ្លះសម្រុកដណ្តើមគ្នាកាប់ យកឈើលក់ឲ្យក្រុមហ៊ុនសំអឿន សុវណ្ណ។
ប្រភពខាងលើបានឲ្យដឹងទៀតថា ខាងក្រុមហ៊ុនសំអឿន សុវណ្ណ បានកែនប្រជាពលរដ្ឋឲ្យចូលព្រៃឡង់ និងព្រៃព្រះរកា ដើម្បីកាប់ឈើធំៗលក់ឲ្យក្រុមហ៊ុនរបស់ខ្លួន ក្រោយពីប្រមូលទិញឈើក្នុងព្រៃសហគមន៍ នៅតំបន់នោះអស់ស្ទើរទាំងស្រុង។
ប្រភពខាងលើបានបន្តទៀតថា ស្ទើរជារៀងរាល់យប់ មានរថយន្តយីឌុបធំៗ បានដឹកជញ្ជូនឈើចេញពីការដ្ឋានក្រុមហ៊ុន សំអឿន សុវណ្ណ ឆ្លងកាត់ខេត្តកំពង់ធំ ដើម្បីយកទៅចែកចាយបន្តតាមបណ្តាលខេត្តផ្សេង ។
ប្រភពខាងលើបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ កំពុងតែនាំគ្នាភ័យព្រួយ ខ្លាចអត់មានឈើធ្វើផ្ទះសម្បែង បើក្រុមហ៊ុននេះ ដឹកឈើរាល់តែយប់ មួយយប់ៗ ៤ ទៅ ១០អាយីឌុប រថយន្តធុនធំៗផ្អើលពេញព្រៃ ដោយមិនមានសមត្ថកិច្ចណាមួយហ៊ានចាត់វិធានការទៅលើក្រុមហ៊ុនសំអឿន សុវណ្ណនេះឡើយ។
ប្រភពដ៌ដែរបានឲ្យដឹងថា ក្រុមហ៊ុន សំអឿន សុវណ្ណ បានបើកទីតាំងប្រមូលទិញឈើ ក្នុងបរិវេណក្រុមហ៊ុនស្ករអំពៅចិន ហេង ហ្វូ ដោយយកលេសថា ប្រមូលឈើក្នុងដីសម្បទានសេដ្ឋកិច្ច ដែលមានលិខិតអនុញ្ញាត តែធាតុពិតក្រុមហ៊ុននេះ បានទិញឈើគ្រប់តំបន់ ជាពិសេស ឈើដែលយកចេញ ពីដែនជម្រកសត្វព្រៃព្រះរកា ក្នុងស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុកជ័យ សែន ខេត្តព្រះវិហារ និងមានឈើខ្លះដឹកចេញពីព្រៃឡង់ខេត្តស្ទឹងត្រែងផង។
ដោយឡែក សកម្មជនបរិស្ថានដែលចុះ សង្កេតរឿងនេះ លោក ហេង ស្រស់ អះអាងថា សកម្មភាពដឹកជញ្ជូនឈើពីខាងក្រៅ ចូលការដ្ឋានក្រុមហ៊ុនបាន ដោយសារតែអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បានទទួលសំណូកពីក្រុមឈ្មួញ។ លោកថា មន្ត្រីពាក់ព័ន្ធមួយចំនួន មិនត្រឹមតែមិនអើពើទប់ស្កាត់បទល្មើសព្រៃឈើទេ បែរជាចេញមុខកាងការពារ បទល្មើសព្រៃឈើឲ្យឈ្មូញ ដឹកជញ្ជូនឈើខុសច្បាប់ចូលក្រុមហ៊ុនយ៉ាងរលូន។ រីឯក្រុមការងារលោក បានចុះដល់ទីតាំងទិញឈើរបស់ក្រុមហ៊ុននេះដែរ កាលពីសប្តាហ៍មុន ប្រទះឃើញសន្តិសុខយាមល្បាតយ៉ាងប្រុងប្រយ័ត្ន ហើយថ្មីៗ នេះ ក្រុមឈ្មូញក៏កំពុងសម្រុកកាប់ឈើក្នុងព្រៃសហគមន៍ដែលនៅសេសសល់ចុងក្រោយចំនួន ២ភូមិទៀត នៅក្នុងស្រុកឆែប ខេត្តព្រះវិហារដល់ម៉ោង ៨កន្លះគេប្រើរថយន្តសាំងយ៉ុង (Sang Yong) ដឹកចេញពីភូមិចូលក្រុមហ៊ុនហ្នឹង ដល់ម៉ោង ៩កន្លះ គឺគេប្រើគោយន្តកែច្នៃដឹក។
សូមបញ្ជាក់ថាក្រុមហ៊ុន សំអឿន សុវណ្ណ ទទួលសិទ្ធិប្រមូលទិញឈើពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចលើផ្ទៃដីជាង ៤ពាន់ហិតា (៤.៣៣៤.៦១) ឋិតក្នុងស្រុកឆែប និងស្រុកជ័យសែន ខែត្រព្រះវិហារ តាំងពីឆ្នាំ ២០១៥ ដែលមានមន្ត្រីរដ្ឋបាលព្រៃឈើ សហការសិក្សាពីផ្ទៃដីដែលអាចប្រមូលផលបាន។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ សង្កេតឃើញថា ពលរដ្ឋមួយចំនួនបានបែកគំនិតចូលកាប់ឈើលក់ឲ្យក្រុមហ៊ុន ដោយសារពួកគាត់មិនទុកចិត្តអាជ្ញាធរពាក់ព័ន្ធថា នឹងអាចទប់ស្កាត់បទល្មើសព្រៃឈើបាន។ លោកយល់ថា ក្រសួង និងអាជ្ញាធរខេត្ត គួរតែចុះស៊ើបអង្កេតក្រុមហ៊ុននេះ ក្រោយពីសកម្មជនបរិស្ថាន និងសហគមន៍មូលដ្ឋានត្អូញពីការបាត់បង់ព្រៃឈើជាបន្តបន្ទាប់៖ ប្រជាពលរដ្ឋដែលគាត់ខំការពារហើយបែរជាក្រុមហ៊ុន ពិតជាធ្វើអ្វីដែលពលរដ្ឋចោទមែន ស្ថាប័នជំនាញគួរណាតែបើកការស៊ើបអង្កេតបឋមមួយសិនទៅ។
កន្លងទៅមន្ត្រីអង្គការពន្លកខ្មែរ លោក រ៉ាយ ប៊ុនធីន បានថ្លែងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យពិនិត្យពីភាពមិនប្រក្រតីនៃអាជីវកម្មឈើ របស់ក្រុមហ៊ុន សំអឿន សុវណ្ណ ថា មានអាជ្ញាប័ណ្ណប្រមូលទិញឈើ ពីក្រុមហ៊ុនចិន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច លើផ្ទៃដីជាង ៤ពាន់ហិតា ក្នុងស្រុកឆែប និងស្រុកជ័យ សែន ក៏ប៉ុន្តែក្រុមហ៊ុននេះបានប្រមូលទិញឈើ ពីព្រៃព្រះរកា និងព្រៃនៅតំបន់ផ្សេងទៀតជាយូរមកហើយ ។
បើនៅតែបណ្តែត បណ្តោយ អោយក្រុមហ៊ុននេះ បន្តរ នៅសកម្មភាព បំផ្លាញ ព្រៃឈើ ត ទៅ ទៀត នោះ កម្ពុជានិងរងការវិនាសអន្តរាយ នៅព្រៃឈើ រហូតដល់កូនចៅជំនាន់ក្រោយ លែង ស្គាល់ដើមឈើ ធំៗ អាកាសធាតុ ប្រែ ប្រួល ខែក្តៅ ទៅជាភ្លៀង ខែភ្លៀង ទៅជារាំ ខែ ត្រជាក់ទៅជាក្តៅ ដូច្នេះ ប្រជាពលរដ្ឋ សុំអោយសម្តេច តេជោ ហ៊ុនសែន មេត្តាជួយ ទប់ស្កាត់ នៅក្រុមហ៊ុនបំផ្លាញព្រៃឈើ មួយនេះ បើពុំនោះទេប្រទេសកម្ពុជា និងបាត់បង់ព្រៃឈើ អស់រលីង ជាក់ជាមិនខាន នៅពេលដ៏ខ្លីខាងមុខនេះ។