ខេត្តកំពត៖ ឯកឧត្តម ហ៊ុន សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកុដិ និងសមិទ្ធផលនានា ក្នុងវត្តពិជ័យឧត្តុង្គ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូនដល់ សប្បុរសជននៅព្រឹកថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន សុខា ជំនួយការអមទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាខេត្តកំពត អញ្ជើញជាអធិបតីភាព និងអមដំណើរដោយលោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងពិធីសម្ពោធកុដិ និងសមិទ្ធផលនានាក្នុង “វត្តពិជ័យឧត្តុង្គ” និងបំពាក់គ្រឿងឥស្សរិយយសជូនសប្បុរសជន។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីមន្ត្រីរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធសប្បុរសជន អាជ្ញាធរសង្កាត់ ក្រុមការងារភូមិ កម្លាំងប្រជាការពារ តាជីយាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រជាពលរដ្ឋសរុបចំនួនជាង ៥០០នាក់។
ពិធីនេះបានធ្វើឡើងនៅវត្តពិជ័យឧត្តុង្គ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។ ក្នុងពិធីនេះដែរ ឯកឧត្តម ហ៊ុន សុខា រួមនឹងសប្បុរសជនបាននាំមកជូននូវអំណោយដល់សិស្សានុសិស្សចំនួន ១៥០នាក់ ក្នុងម្នាក់ទទួលបានប៊ិក ១ដើម ខ្មៅដៃ ១ដើម សៀវភៅ ១ក្បាល រួមនឹងថវិកាចំនួន ៥ពាន់រៀល, លោកគ្រូ អ្នកគ្រូចំនួន ២៥នាក់ ក្នុងម្នាក់ទទួលបានសារុង១ រួមនឹងថវិកា ២ម៉ឺនរៀល, សិស្សអនុវិទ្យាល័យចំនួន ៩២នាក់ ក្នុងម្នាក់ទទួលបានថវិកា ១ម៉ឺនរៀល, យាយជី តាជី ៥០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ស ១ដុំ រួមនឹងថវិកា១ម៉ឺនរៀល, ប្រជាពលរដ្ឋចំនួន ២០០នាក់ ក្នុងម្នាក់ទទួលបាន សារុង១ រួមនឹងថវិកា ១ម៉ឺនរៀល, ចូលរួមកសាងវត្តពិជ័យឧត្តុង្គជាថវិកា ចំនួន ១២លានរៀល, ឧបត្ថម្ភចាក់សាបសាលាបឋមសិក្សាមហាសាមគ្គី ចំនួន ៥,០៨០,០០០រៀល ឧបត្ថម្ភក្រុមរបាំ ៥នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល, គ្រូអាចារ្យ ៣នាក់ ក្នុងម្នាក់ ៤ម៉ឺនរៀល។ ដោយ សេងរាជសី