ភ្នំពេញ៖ ខេត្តព្រសីហនុលោកឧកញ៉ាភិរម្យវិចិត្រដារ៉ារងការចោទប្រកាន់ថាបានបោកទូរស័ព្ទនិងវ៉ៃមនុស្សស្រីដូចសត្វធាតុ..
លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្លិបពាណិជ្ជករកម្ពុជា ជាម្ចាស់ក្រុមហ៊ុន WorldWide Dental Supply ជាម្ចាស់ក្រុមហ៊ុន One World Trading ជាម្ចាស់ហាងបញ្ចាំ សុវណ្ណវិចិត្រ ហ្វាយណែន ជាប្រធានក្រុមហ៊ុន ECC Realty និង ជាម្ចាស់គម្រោងអចលនទ្រព្យខេត្តសៀមរាប.. ខេត្តកំពង់ស្ពឺ.. ខេត្តកំពត ផងនោះ បានរងការចោទប្រកាន់ថា បានបោកទូរស័ព្ទនិងវ៉ៃមនុស្សស្រីយ៉ាងព្រៃផ្សៃបំផុត ប្រៀបបានប្រទេសគ្មានច្បាប់ ប៉ុន្តែលោកឧកញ៉ាបានបដិសេធការចោទប្រកាន់នេះ ។
សូមរំលឹកថា ហេតុការណ៍នៃអំពើហិង្សានេះ គឺបានកើតឡើងកាលពីវេលាម៉ោង២១ៈ៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុចហាងមួយកន្លែងឈ្មោះ «ឡា វ៉ូត» ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ទើបទទួលបាននៅថ្ងៃទី២៤ ជនរងគ្រោះឈ្មោះ គឹម ចាន់សុធី ភេទស្រី អាយុ២៧ឆ្នាំ បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បងស្រីរបស់ជនរងគ្រោះឈ្មោះ គឹម ចាន់សុធា បានមកពីភ្នំពេញ មកលេងនៅខេត្តព្រះសីហនុ ។
នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ពួកគេមានគ្នា៤នាក់ មានប្រុស២នាក់ បាននាំគ្នាទៅហូបអាហារនៅហាង ឡា វ៉ូត ។ ពេលនោះបានឃើញឈ្មោះ យ៉េន ម៉ារ៉ាណង ភេទស្រី បានមកជាមួយបងប្អូនរបស់គាត់មកហូបអាហារនៅហាងនេះដែរ ។ ខណៈនោះ បងស្រីជនរងគ្រោះបានបង្ហួសទៅសួរនាំឈ្មោះ យ៉េន ម៉ារ៉ាណង ស្រាប់តែឈ្មោះ យ៉េន ម៉ារ៉ាលាង បានស្រែកជេរបងស្រីជនរងគ្រោះ ។
ដោយឃើញហេតុការណ៍មិនស្រួល ជនរងគ្រោះបានលើកទូរស័ព្ទរកថតសកម្មភាពនេះ ស្រាប់តែមានមនុស្សប្រុសម្នាក់ (លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា) ត្រូវជាបងប្អូនជីដូនមួយជាមួយឈ្មោះ យ៉េន ម៉ារ៉ាណង បានស្ទុះមកទាញទូរស័ព្ទរបស់ជនរងគ្រោះម៉ាក សាំងសុង យកទៅបោកកម្ទេចចោលនិងវ៉ៃជនរងគ្រោះ តែម្តង ។ ក្រោយបង្កហេតុ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានរត់គេចខ្លួនបាត់ស្រមោល ។
ជុំវិញបញ្ហានេះ ជនរងគ្រោះឈ្មោះ គឹម ចាន់សុធី បានថ្លែងប្រាប់បន្ថែមនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះថា រហូតមកទល់ពេលនេះ អ្នកនាងពុំទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ដោយសារភាគីជនបង្ក បានមកសម្របសម្រួល តែអ្នកនាងពុំព្រម ព្រោះចង់ឱ្យច្បាប់ចាត់ការរឿងនេះ ។
ឆ្លើយតបចំពោះការចោទប្រកាន់នេះវិញ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ថ្លែងប្រាប់ ថា លោកមិនបានប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះ ដូចការចោទប្រកាន់នោះទេ លោកថ្លែងថា លោកបានត្រៀមមេធាវី រួចរាល់ហើយ ដើម្បីតតាំងករណីនេះ ។