ទំព័រដើម

អគ្គលេខាធិការ UN ជំរុញឲ្យកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់ និងដោះស្រាយបញ្ហាតាមកិច្ចសន្ទនា

By ក្រុមការងារ អនាគតថ្មី

July 25, 2025

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បានអំពាវនាវឲ្យប្រទេសកម្ពុជា និងប្រទេសថៃ ប្រកាន់ខ្ជាប់នូវការអត់ធ្មត់ដល់អតិបរមា ក្រោមស្ថានការណ៍តានតឹងព្រំដែន។ សេចក្ដីអំពាវនាវនេះ ត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យអង្គការ UN នៅថ្ងៃព្រហស្បតិ៍ ទី ២៤ ខែកក្កដា បើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Global Times។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យ UN បានប្រាប់ដូច្នេះថា៖ «លោកអគ្គលេខាធិការកំពុងតាមដានយ៉ាងជិតស្និទ្ធនឹងស្ថានការណ៍ដែលទាក់ទងនឹងរបាយការណ៍ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។ លោកបានអំពាវនាវឲ្យភាគីទាំងសងរក្សាការអត់ធ្មត់ដល់អតិបរមា និងដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា ក្នុងស្មារតីនៃភាពជាខាងជិតល្អ»។

សេចក្ដីថ្លែងការណ៍នេះ ត្រូវបានចេញផ្សាយនៅចំពេលមានការកើនឡើងនៃសកម្មភាពយោធា និងរបាយការណ៍អំពីការប៉ះទង្គិចតាមព្រំដែនកម្ពុជា-ថៃ ដែលកំពុងបង្កឲ្យមានការព្រួយបារម្ភពីសំណាក់តំបន់ និងសហគមន៍អន្តរជាតិ។