(ភ្នំពេញ)៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានចេញបង្ហាញការមិនព្រមព្រៀង និងច្រានចោលព័ត៌មានមិនពិតដែលផ្សាយដោយសារព័ត៌មាន The Nation Thailand ដែលអះអាងថា កងទ័ពថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ។
លោកស្រី បញ្ជាក់ថា ព័ត៌មាននោះគឺជាការផ្សាយដ៏ខ្វះវិជ្ជាជីវៈ និងមិនស្របនឹងស្ថានភាពពិតនៅក្នុងតំបន់ឡើយ។ គាត់បញ្ជាក់បន្ថែមថា ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពកម្ពុជាជាធម្មតា ដោយមិនមានការចូលលុកលុយពីភាគីថៃឡើយ។
ជាការកត់សម្គាល់ថា សារព័ត៌មាន The Nation Thailand តែងតែមានប្រវត្តិផ្សាយព័ត៌មានខុសពីការពិត និងស្រង់ពីប្រភពគ្មានការត្រួតពិនិត្យជាក់លាក់។ នៅថ្ងៃទី២៤ ខែកក្កដា ក៏បានផ្សាយព័ត៌មានមិនពិតថា សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីកម្ពុជាទៅប្រទេសចិនផងដែរ។