(ភ្នំពេញ)៖ អនុវត្តន៍តាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា, គិតត្រឹមម៉ោង៩៖៣០ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ មានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រមាណ៤០ស្ថាប័ន បានលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី និងសម្រួលអនុគ្រោះដល់យោធិនដែលរងរបួស ដែលបានបំពេញប្រតិបត្តិការ ក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងជួយសម្រួលដល់ការបង់សងត្រឡប់របស់ជនភៀសសឹក នៅតាមព្រំដែន។
សមាគមធនាគារកម្ពុជា បានឱ្យដឹងថា គិតត្រឹមម៉ោង៩៖៣០នាទីព្រឹកនេះ សម្រាប់ស្ថាប័នធនាគារ មានចំនួន១៨ហើយ បានលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត។
ចំណែកលោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានឱ្យដឹងថា គិតមកទល់ម៉ោង១០ព្រឹកនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រមាណជាង២០ហើយ ដែលបានប្រកាសលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុក ដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ។
តាមរយៈសេចក្តីប្រកាសព័ត៌របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ បានដាក់ចេញវិធានការណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទានរហូតដល់ចំនួន១០ លានរៀល របស់អតិថិជនជាកងទ័ពពិការនៅសមរភូមិបច្ចុប្បន្ន និងលុបចោលឥណទានរហូតដល់ចំនួន៨០ លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។
ជាមួយគ្នានេះ ធនាគារជាតិសម្រេចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលើកលែងរាល់កម្រៃ និងការផាកពិន័យ ពាក់ព័ន្ធនឹងឥណទានរយៈពេល៦ ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជនជាយោធិន ដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ព្រមទាំងងលើកលែងការទូទាត់សងប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម រយៈពេល៦ ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ៕