(ក្រុងប៉ោយប៉ែត)៖ ទូលព្រះបង្គំ សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ដោយក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមឲ្យព្រះអង្គឆាប់បានជាសះស្បើយ ពីព្រះរោគមហារីកក្រពេញប្រូស្តាត ដែលកំពុងទទួលការព្យាបាលតាមវេជ្ជបញ្ជា។
ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមសម្តែងនូវក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅ បន្ទាប់ពីទទួលបានព័ត៌មានថា ព្រះអង្គត្រូវបានណែនាំឲ្យទទួលការវះកាត់ នៅមន្ទីរពេទ្យមួយក្នុងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ហើយនឹងគង់ប្រថាប់នៅទីនោះមួយរយៈ ដើម្បីបន្តការតាមដានត្រួតពិនិត្យ និងព្យាបាលព្រះរោគជាបន្ត។
ក្នុងឱកាសដ៏មានន័យនេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបុណ្យកុសល និងកម្លាំងចិត្ត ដោយស្មោះស្ម័គ្រ ជូនព្រះករុណា ដើម្បីឲ្យការវះកាត់ប្រព្រឹត្តទៅដោយជោគជ័យ និងសូមជឿជាក់យ៉ាងមុតមាំថា ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យឯកទេស នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គនឹងបានឆាប់ជាសះស្បើយវិញក្នុងពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះផងដែរ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ សូមព្រះរាជមេត្តាអភិបាលថែរក្សា ព្រះករុណា ឲ្យមានព្រះរាជសុខភាពល្អ បរិបូរណ៍ដោយព្រះកម្លាំង និងព្រះបញ្ញា ដើម្បីយាងនិវត្តន៍វិលត្រឡប់មកបន្តគង់ប្រថាប់លើព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជាជនខ្មែរ និងមាតុភូមិកម្ពុជា ជារៀងរហូត។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាប្រោស ទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា។
សូមក្រាបបង្គំទូលថ្វាយព្រះពរ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។