ខេត្តកំពង់ចាម៖ មានករណីអំពើហិង្សា ក្នុងគ្រួសារ រវាងប្តីនិងប្រពន្ធ មួយគ្រួសារ ដែលបង្កការ ឈ្លោះគ្នា ដោយប្តីទាញយកកាំបិតតាំងតោ កាប់ខោអាវ តែប្រពន្ធឃាត់ បានទាញយកកាំបិតក្រវែង ចោល តែអកុសល ជាប់ក្បាលប្អូនជីដូនមួយ រងរបួសធ្ងន់ ហេតុការណ៍ នេះបានកើតឡើង នៅវេលាម៉ោង ៥ នឹង ៣០នាទី ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៧ នៅចំណុចតាមមាត់ទន្លេមេគង្គ ក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បើតាមសមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យឈ្មោះ ទូចចាន់ណា ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម បានឈ្លោះប្រកែកគ្នាជាមួយប្តីឈ្មោះ សុឹម ធា អាយុ៣០ឆ្នាំ ហើយប្តី ក៏ទាញកាំបិតតាំងតោ រកកាប់ខោអាវ ពេលនោះជនសង្ស័យ ក៏ទាញកាំបិតពីប្តី ហើយក្រវែងកាំបិតនោះចោល ទៅក្នុងទឹកទន្លេ ក្រោយផ្ទះបណ្តាល ឲ្យត្រូវចំក្បាលជាប់កាំបិតនៅ និងក្បាលជនរងគ្រោះឈ្មោះ ជា សុខទក ភេទប្រុសអាយុ ២៩ឆ្នាំ មានផ្ទះជិតគ្នាដែលត្រូវជា ប្អូនជីដូនមួយ ខណៈពេលដែលជនរងគ្រោះ កំពុងស្តាទឹកទូកនៅមាត់ច្រាំង ទន្លេមេគង្គ បណ្តាលអោយរងរបួសធ្ងន់ បានបញ្ចូលទៅព្យាបាល នៅមន្ទីរពេទ្យកំពង់ចាមភ្លាមៗ។ ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការស្រុកកំពង់សៀម ដើម្បីបំពេញសំណុំរឿងតាម និតិវិធីច្បាប់។ ដោយ អនាគតថ្មី