ពិធីកាត់ខ្សែបូសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ នូវច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ – ឡេថាញ់ (កម្ពុជា-វៀតណាម)
ខេត្តរតនគិរី៖ ព្រំដែនអន្តរជាតិ អូរយ៉ាដាវ ខេត្តរតនគិរី នៃប្រទេសកម្ពុជា និង ខេត្តឡេថាញ់ យ៉ាឡាយ ប្រទេសវៀតណាម ត្រូវបានសម្ពោធបើក ប្រតិបត្តិការ ដឹកជញ្ជូនឆ្លងកាត់ ព្រំដែនទាំងពីរ នាព្រឹកថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯឧត្តមនាយ ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាំ ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រី តំណាងរដ្ឋាភិបាល នៃសាធារណៈរដ្ឋសង្គមវៀតណាម។ ពិធីជាប្រវត្តិសាស្រ្តនេះ ប្រារព្ធធ្វើឡើងនៅទីតាំងច្រកអន្តរជាតិ ទាំងពីរ ដោយមានការចូលរួមពី មន្រ្តីរាជការ និងប្រជាពលរដ្ឋ ខេត្តទាំងពីរសរុបប្រមាណជិត ១០០០នាក់។
មានប្រសាសន៍ទៅកាន់អ្នកចូលរួមនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផាំ ប៊ិញមិញ បានលើកឡើងថា ពីការសម្ពោធ បើកអោយយានយន្ត ធ្វើប្រតិបត្តិការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ – ឡេថាញ់ នៅថ្ងៃនោះបានប្រព្រឹត្តទៅស្របពេលដែល រដ្ឋាភិបាលនិងប្រជាជននៃ ប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវវីយ៍ លើកទី៥០ ជាថ្ងៃមួយដែលប្រទេសទាំងពី របានបង្កើតនូវទំនាក់ទំនងការទូត រវាងព្រះរាជាណាច្រកកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
ឯកឧត្តមបន្តថា ដោយសារស្ថានភាព នៃការរីកចម្រើននៃ វិស័យសេដ្ឋកិច្ច សេចក្តីត្រូវ ការនៃការដឹកជញ្ជូនទំនិញ និងអ្នកធ្វើដំណើរ ចេះតែមានការកើនឡើងជាលំដាប់ ហើយនឹងទេសចរណ៍មានការកើនឡើង ហើយនិងមានតំរូវការចរាចរណ៍ឆ្លងកាត់ តាមច្រកទ្វារព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរ កម្ពុជានិងវៀតណាម បានជម្រុញអោតភាគីទាំងពីរ មានការឯកភាពគ្នា រៀបចំពិធីសម្ពោធបើកប្រតិបត្តិការ ដឹកជញ្ជូនឆ្លងកាត់ ព្រំដែននៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ រតនគិរី – ឡេថាញ់ យ៉ាឡាយនៅពេលនេះ។
ឯកឧត្តមលើកឡើងថា ជាច្រកទ្វារអន្តរជាតិទី៦ ដែលបើកអោយចរាចរណ៍ ដឹកជញ្ជូន ឆ្លងកាត់។ រហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរកម្ពុជា – វៀតណាម បានអនុញាត អោយ យានយន្តផ្លូវគោកចំនួន៥០០គ្រឿង មកពីប្រទេសនីមួយៗ ធ្វើការប្រតិបត្តិការឆ្លងកាត់ ព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ រាជរដ្ឋាភិបាល នៃព្រះរាជាណាច្រកកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀង ស្តីពីការដឹកជញ្ជូន ផ្លូវគោកនៅឆ្នាំ ១៩៩៨-២០០៥ ភាគីទាំងពីរបានឯកភាពគ្នា ចុះហត្ថលេខាលើពិធីសារ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការ ដឹកជញ្ជូនផ្លូវគោក ដែលនៅក្នុងពិធីសារនេះមានទ្វារចំនួន៧ សម្រាប់ប្រតិបត្តិការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន រវាងប្រទេសទាំងពីរ ហើយប្រតិបត្តិការដឹកជញ្ជូន បានអនុវត្តនៅតាមច្រកទ្វារចំនួន៤រួចមក ហើយមានជាអាទិ៍ ច្រកទ្វារអន្តរជាតិ បាវិត-ម៉ុកបាយ ច្រកទ្វារអន្តរជាតិត្រពាំងថ្លុង-សាម៉ាត ច្រកទ្វារអន្តរជាតិព្រែកចាក-ហាទៀង។
ឯកឧត្តមសង្ឃឹមថា ការបើកប្រតិបត្តិការ ដឹកជញ្ជូនឆ្លងកាត់ព្រំដែនអន្តរជាតិទ្វារ អូរយ៉ាដាវ-ឡេថាញ់ នាពេលនេះពិតជាមានសារៈសំខាន់ សម្រាប់សម្រួលដល់ការ ដឹកជញ្ជូន និងអ្នកដំណើរប្រទេសទាំងពីរ រួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ របស់ប្រជាជន និងលើកស្ទួយដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ប្រែក្លាយតំបន់ព្រំដែនអោយទៅជាតំបន់តភ្ជាប់មាន សុខសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ធានានូវផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងជំរុញកំណើនសេដ្ឋកិច្ច របស់ប្រទេសទាំងពីរ។ ជាចុងបញ្ជប់នៃកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងឧបនាយករដ្ឋមន្ត្រី ផាំ ប៊ិញមិញ បានអញ្ជើញកាត់ខ្សែបូសម្ពោធ បើកដាក់អោយប្រើប្រាស់ជាផ្លូវការ នៃប្រតិបត្តិការដឹកជញ្ជូន ទំនិញឆ្លងកាត់ច្រកអន្តរជាតិនៃប្រទេសទាំងពីរ ចាប់ពីពេលនេះតទៅ៕ដោយ, ឡុង សារេត