ទោះជាបទបញ្ជា សម្តេចតេជោ ហ៊ុន សែន ក៏មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ មិនហ៊ានបង្រ្កាប រថយន្ត របស់ លោកឧត្តមសេនីយ៍ ធី បាញ់ ដែរ
ខេត្តក្រចេះ៖ កាលពីពេលថ្មីៗ កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជា យ៉ាងក្តៅគគុក ឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដឹកនាំក្រុមការងារចុះ បង្រ្កាបបទល្មើសព្រៃឈើ តែក្នុងនោះ គេពុំឃើញមានការបង្រ្កាប រថយន្តរបស់លោក ស័ក្តប្រាំ ថន ប៊ុនធី (ហៅ ធីីបាញ់) ដែលទើបតែត្រៀម ឡើងជាឧត្តមសេនីយ៍ ដោយសារឥទ្ធិពល ឈើប្រណិត នោះឡើយ។
នៅក្នុងខេត្តក្រចេះ តាំងពីក្មេងអាយុ ០៥ឆ្នាំ រហូតដល់៩០ឆ្នាំ អ្នកណាក៏ស្គាលលោក ថន ប៊ុនធី (ហៅ ធីីបាញ់) ដែល មហាជនឲ្យឈ្មោះថា ជាកំពូល ជនឧក្រិដ្ឋបំផ្លាញព្រៃឈើ ដោយយក ឋានៈបុណ្យស័ក្ក មកកាងមុខរបរខុសច្បាប់ របស់ខ្លួនដើម្បី សូកប៉ាន់ ថ្នាក់ដឹកនាំ និងសមត្ថកិច្ច នៃខេត្តក្រចេះ ឲ្យកើតជំងឺស្ពឹកដៃជើង ក៏ដូចជាអសមត្ថភាព ក្នុងការបង្រ្កាប រថយន្តរាប់សិនគ្រឿង ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូន និងប្រមូលទិញ ផ្តាច់មុខពីខេត្តក្រចេះ ដើម្បីដឹកជញ្ជូន ទៅកាន់ប្រទេសវៀតណាម។
ឈ្មួញឈើប្រណិត ដុះស្លែ ឈ្មោះ ធី បាញ់ គឺជាបុគ្គលជាជើងខ្លាំងម្នាក់ ដែលហ៊ានប្រឆាំង និងបទបញ្ជា សម្តេចនាយករដ្ឋមន្ត្រី តេជោ ហ៊ុន សែន ជាក់ស្តែង កាលសប្តាហ៍មុននេះ រថយន្តដឹកឈើប្រណិត របស់លោក ធី បាញ់ ត្រូវបានសមត្ថកិច្ចឃាត់ ចំនួន៨ឡាន កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ តែតាមប្រភព ក្រោយពីសមត្ថកិច្ចមេព្រៃ បានឃាត់បានតែប៉ុន្មាន ដង្ហើមចង្រិត រថយន្តទាំងនោះ ដែលសុទ្ធតែឈើប្រណិតពេញ ទាំង៨ឡាន ត្រូវបានដោះលែង ដោយរលូន ក្រោមការសំណែនជាង ១០ ម៉ឺនដុល្លាអាមេរិក។
លោក ធី បាញ់ គឺជាមនុស្ស ធ្លាប់មានរឿងអាស្រូវ ជាច្រើន ជាក់ស្តែង កាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ កាលនោះ ក្រុមលោក ធី បាញ់ បានប៉ះ ទង្គិចជាមួយកម្លាំង សមត្ថកិច្ចចម្រុះ ដឹកនាំដោយ លោក ហាក់ ហ៊ាន ព្រះរាជ អាជ្ញារង អមសាលាដំបូង ខេត្តក្រចេះ ស្ថិតក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ មានការផ្ទុះអាវុធ បណ្តាលឱ្យគ្រាប់ ផ្លាតទៅត្រូវស្ត្រីកូនខ្ចីម្នាក់រងរបួស។
ករណីផ្ទុះអាវុធបាញ់ប្រហារគ្នា ជាមួយ និងសមត្ថកិច្ចតុលាការ ដោយក្រុមបុគ្គល ធី បាញ់ នេះ ត្រូវបានលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ក្រចេះអះអាងប្រាប់អ្នកសារព័ត៌មាន នាពេលនោះថា លោកដឹងមុខអស់ហើយ លោក នឹងរកយុត្តិធម៌ ឱ្យជនរងគ្រោះ ហើយក៏មិនឱ្យជនល្មើស រួចខ្លួនបានឡើយ។ តែទីបំផុត មកដល់ថ្ងៃនេះ លោក ទី សុវិនថាល់ ស្ងាត់មាត់ឈឹង មិនដឹងថា ព្រះរាជអាជ្ញា ខេត្តក្រចេះ រូបនេះខ្លាច ឬត្រូវគេសែនព្រេននោះទេ? ។ សូមសសើរ ចំពោះបុគ្គលស័ក្តប្រាំ ធី បាញ់ ពិតជាខ្លាំងជាង សម្តេចនាយក រដ្ឋមន្ត្រីតេជោសែន ទៅទៀត សូម្បី តែតុលាការ ក៏អត់ហ៊ានក្អក ជាមួយដែរ ទើបធ្វើឲ្យលោកសក្តិប្រាំ ធី បាញ់ សប្បាយរីកថ្លើមមកដល់ថ្ងៃនេះ ។ ដោយ ប៊ុន រដ្ឋា ក្រុមការងារខេត្តក្រចេះ