អនុព័ន្ធយោធាបរទេស ១៤រូប ពី ៩ប្រទេស ចុះពិនិត្យស្ថានភាពព្រំដែន និងជនភៀសសឹក នៅឧត្តរមានជ័យ

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានប្រកាសថា នៅថ្ងៃទី ១០ សីហា ២០២៥ ក្រុមអនុព័ន្ធយោធាបរទេស ចំនួន ១៤ រូប មកពី ៩ ប្រទេស នឹងធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពព្រំដែន និងជំរុំជនភៀសសឹក បន្ទាប់ពីកម្ពុជាអនុវត្តយ៉ាងពេញលេញលើបទឈប់បាញ់ជាមួយប្រទេសថៃ។

ការចុះពិនិត្យនេះកើតឡើងក្រោយកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ GBC ថ្ងៃទី ៧ សីហា ២០២៥ ដែលបានឯកភាពអនុវត្តបទឈប់បាញ់ ការមិនចល័តកម្លាំងទ័ព និងបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដឹកនាំដោយប្រទេសម៉ាឡេស៊ី។

ក្នុងចំណោមប្រទេសចូលរួម មាន អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម។ ក្រុមនេះដឹកនាំដោយ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ។

 

ភាគីកម្ពុជាបានសង្ឃឹមថា ការចូលរួមរបស់អនុព័ន្ធយោធាបរទេស នឹងជួយធានាឱ្យបទឈប់បាញ់មានប្រសិទ្ធភាព និងអាយុកាលយូរអង្វែង ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនទាំងពីរប្រទេស។