ក្រសួងការបរទេសកម្ពុជា ច្រានចោលការចោទថៃ អំពីករណីទាហានជាន់មីន និងការដាក់មីនថ្មីតាមព្រំដែន
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១០ សីហា ២០២៥ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ ច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ពីក្រសួងការបរទេសថៃ ដែលអះអាងថា កម្ពុជាបានដាក់មីនថ្មីតាមព្រំដែនកម្ពុជា–ថៃ បណ្តាលឲ្យទាហានថៃ ៣ នាក់ជាន់មីនផ្ទុះ។
ក្នុងសន្និសីទសារព័ត៌មានសង្ខេបលទ្ធផលនៃការអនុវត្តបទឈប់បាញ់ លោក ជុំ សុន្ទរី បានទាមទារឲ្យថៃគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងដែលបានសម្រេចនៅកិច្ចប្រជុំពិសេស GBC ជាពិសេសការរក្សាឈរជើងនៅទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យមានចលនាចូលទៅក្នុងតំបន់របស់ភាគីម្ខាងទៀត។
“ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ច្រានចោលយ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែលចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី” លោក ជុំ សុន្ទរី ថ្លែង។
អ្នកនាំពាក្យក្រសួងការបរទេសបានបន្ថែមថា អាជ្ញាធរនៃប្រទេសកម្ពុជាបានគ្រប់គ្រងសកម្មភាពកំចាត់មីន និងផ្តល់ជំនួយជនពិការដោយសារមីនយ៉ាងតឹងរឹង ហើយបានច្រានចោលការចោទប្រកាន់របស់ថៃ ដោយចែងថា គ្មានមូលដ្ឋានពិត។
រហូតមកដល់ពេលនេះ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា មិនមានការស៊ើបអង្កេតណាមួយដែលអាចជឿជាក់បាន ឬមានតម្លាភាពទាក់ទងនឹងករណីដែលភាគីថៃលើកឡើងឡើយ។ កម្ពុជាបានអំពាវនាវឱ្យថៃអនុវត្តភាពអត់ធ្មត់ និងជៀសវាងការចោទប្រកាន់ជាសាធារណៈដោយប្រញាប់ប្រញាល់ ដែលអាចប៉ះពាល់ដល់ការជឿទុកចិត្ត និងស្មារតីនៃបទឈប់បាញ់។
សូមរំលឹកថា អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនមាន និងនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ កម្ពុជាមានមោទកភាពជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលបានផ្តល់សច្ចាប័នតាំងពីឆ្នាំ ១៩៩៩ និងត្រូវបានអន្តរជាតិទទួលស្គាល់ចំពោះសមិទ្ធផលក្នុងការបោសសម្អាតមីន និងការមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ។