អាវុធហត្ថខេត្តបន្ទាយមានជ័យ បង្រ្កាបករណី ជួញដូរគ្រឿងញៀន មេតំហ្វេតាមីនទឹកកបានជិត០១គីឡូក្រាម និងមេតំហ្វេតាមីនគ្រាប់ចំនួន ៤០៣៥គ្រាប់
បន្ទាយមានជ័យ ៖ ថ្ងៃព្រហស្បត្តិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង២០នាទី កម្លាំងការិយាល័យ បទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការ បង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចរង្វង់មូលប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ក្រោយទទួលបានព័ត៌មាន ពីបណ្តាញផ្តល់ព័ត៌មាន លោកបានធ្វើសេចក្តីរាយការណ៍ ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការណ៍ និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំង និងសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្រ្កាបករណីខាងលើ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ អ៊ឹម ចយ (ហៅ ចិត្រ) ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅបណ្តោះអាសន្ន ក្នុងបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងរឹបអូសបានវត្ថុតាងរួមមាន -គ្រឿងញៀន មេតំហ្វេតាមីនទឹកកក ចំនួនៈ ០២ថង់ធំ ស្មើ ៩៨៨.៦ក្រាម -គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួនៈ ៤.០៣៥គ្រាប់ -ទូរស័ព្ទដៃចំនួន ០២គ្រឿង -កាបូបស្ពាយពណ៌ខ្មៅចំនួន ០១ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនជាកម្មករអូសរទេះ និងបានទទួលបញ្ញើរ ឥវ៉ាន់ពីបុរសម្នាក់ពីប្រទេសថៃ មិនស្គាល់អត្តសញ្ញាណ (ទំនាក់ទំនងតាមរយៈទូរស័ព្ទ) យកឆ្លងដែនចូលមកប្រទេសកម្ពុជា លុះចូលមកដល់ចំណុចរង្វង់មូលប៉ោយប៉ែត ក៏ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ ឃាត់ខ្លួនតែម្តង ។
ផ្អែកលើចម្លើយសារភាព របស់ជនសង្ស័យ និងការធ្វើតេស្តលើសារធាតុញៀន អាចបញ្ជាក់ថាជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។ កម្លាំងជំនាញកងរាជ អាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។ ដោយ អនាគតថ្មី