អគ្គលេខាធិការ UN ជំរុញឲ្យកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់ និងដោះស្រាយបញ្ហាតាមកិច្ចសន្ទនា
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បានអំពាវនាវឲ្យប្រទេសកម្ពុជា និងប្រទេសថៃ ប្រកាន់ខ្ជាប់នូវការអត់ធ្មត់ដល់អតិបរមា ក្រោមស្ថានការណ៍តានតឹងព្រំដែន។ សេចក្ដីអំពាវនាវនេះ ត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យអង្គការ UN នៅថ្ងៃព្រហស្បតិ៍ ទី ២៤ ខែកក្កដា បើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Global Times។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យ UN បានប្រាប់ដូច្នេះថា៖
«លោកអគ្គលេខាធិការកំពុងតាមដានយ៉ាងជិតស្និទ្ធនឹងស្ថានការណ៍ដែលទាក់ទងនឹងរបាយការណ៍ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។ លោកបានអំពាវនាវឲ្យភាគីទាំងសងរក្សាការអត់ធ្មត់ដល់អតិបរមា និងដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា ក្នុងស្មារតីនៃភាពជាខាងជិតល្អ»។
សេចក្ដីថ្លែងការណ៍នេះ ត្រូវបានចេញផ្សាយនៅចំពេលមានការកើនឡើងនៃសកម្មភាពយោធា និងរបាយការណ៍អំពីការប៉ះទង្គិចតាមព្រំដែនកម្ពុជា-ថៃ ដែលកំពុងបង្កឲ្យមានការព្រួយបារម្ភពីសំណាក់តំបន់ និងសហគមន៍អន្តរជាតិ។