កាកបាទក្រហមអន្តរជាតិ បញ្ជាក់ យោធិនកម្ពុជា ១៨នាក់ នៅក្នុងការឃុំខ្លួនភាគីថៃ មានសុវត្ថិភាព និងសុខភាពល្អ

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានអះអាងថា យោធិនកម្ពុជា ១៨នាក់ ដែលកំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់ភាគីថៃ កំពុងមានសុវត្ថិភាព និងសុខភាពល្អ។ ព័ត៌មាននេះ ត្រូវបានផ្ដល់ដោយកាកបាទក្រហមអន្តរជាតិ (ICRC) បន្ទាប់ពីការចុះសួរសុខទុក្ខនាយទាហានទាំងអស់។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បាននិយាយក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ០៩ សីហា ២០២៥ ថា កម្ពុជាបានអំពាវនាវឲ្យភាគីថៃ ដោះលែងយោធិនទាំងនេះឱ្យបានឆាប់តាមច្បាប់មនុស្សធម៌អន្តរជាតិ។

ក្រសួងការពារជាតិ ក៏បានលើកឡើងថា កងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិកណាម្នាក់ឲ្យនៅឯងឡើយ ទោះជាកាលៈទេសៈណាក៏ដោយ។ កម្ពុជាសង្ឃឹមថា ភាគីថៃ នឹងឆ្លើយតបវិជ្ជមានចំពោះការអំពាវនាវរបស់ប្រទេសជាដៃគូ និងសហគមន៍អន្តរជាតិ ដើម្បីធានាថាការដោះលែងនឹងប្រព្រឹត្តទៅដោយសន្តិវិធី និងស្របច្បាប់។