សិស្សានុសិស្សជ័យលាភី ចំនួន១២០០នាក់ បានទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រ ពីលោក សួន បវរ
ខេត្តបន្ទាយមានជ័យ ៖ លោកសួនបវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងពិធីចែកសញ្ញាបត្រ និងវិញ្ញាបណ្ណបត្រ ដល់សិស្សានុសិស្សជ័យលាភី ចំនួន១២០០នាក់ មកពីសាលាភាសាបរទេស អន្តរជាតិឯកជន ចំណេះដឹងទូទៅថា យុវជន យុវនារី និងកុមារាកុមារី ជាសិស្សសាលា ប្រៀបបី ដូចជាទំពាំងស្នងប្ញស្សី កាលណាទំពាំងល្អក្លាយទៅ ជាឫស្សី ក៏ល្អដែរ ចំណែកសិស្ស វិញកាលណានៅពីតូច ខិតខំព្យាយាមរៀនសូត្រ ពេលធំឡើង និងមាន អនាគតល្អ និងក្លាយខ្លួនទៅជាមន្ត្រីរាជការ ពិសេសធនធានមនុស្ស ដែលគេត្រូវការបំផុតនៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ។
ថ្លែងនៅក្នុងសាលប្រជុំសាលាខេត្ត នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ដែលមានអ្នកចូលរួម លោក ឈើយ ណាអភិបាលរងខេត្ត លោក ហឹល រាយា អភិបាលក្រុងសិរីសោភ័ណ លោក យឹង យួម អគ្គនាយកសាលាភាសាបរទេសអន្តរជាតិ មន្ត្រីអ្នកមុខអ្នកការ និងមាតាបីតាសិស្សជាច្រើនរយនាក់ បានចូលរួមផងដែរ។
ក្នុងពិធីនោះដែរ លោក យឹង យួម អគ្គនាយកសាលាភាសាបរទេស អន្តរជាតិ ឯកជនចំណេះទូទៅ បានមានប្រសាសន៍ ថាសាលាភាសាបរទេស អន្តរជាតិឯកជន ចំណេះទូទៅ របស់លោកបានបង្កើតឡើង០៥ឆ្នាំ កន្លងមកហើយ បង្កើងដំបូងនៅក្នុងខែឧសភា ឆ្នាំ២០១៣ ដំបួងមានតែ០១សាខាទេ ទីតាំងនៅខាងលិចវេទិការខេត្តដោយសារតែមានការគាំទ្រ ពីមាតាបីតាសិស្ស កាន់តែច្រើនទៅៗ សាលារបស់លោកបានបង្កើតឡើង០២សាខាទៀត នៅចំណុចជិតពេទ្យនាគព័ន្ធ ផ្លូវលេខ២ និងសាខាទី៣នៅច្រកចូលផ្សារមង្គលបូរី។
លោក យឹង យួម បានបញ្ជាក់ទៀតថា ក្នុងការបង្រៀនដល់សិស្ស លោកគ្រូ និងអ្នកគ្រូបានយកចិត្តទុកដាក់ លើការអប់រំដល់សិស្ស យ៉ាងខ្លាំង ដើម្បីបណ្តុះបណ្តាល ដល់ធនធានមនុស្ស ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំនិងយុវជន និងកីឡា ក្នុងគោលបំណងដើម្បីលប់បំបាត់ ភាពមិនចេះអក្សរ ដើម្បីផ្តល់ចំណេះដឹងភាសាបរទេស ដល់សិស្ស។
លោកយឹង យួម បានបញ្ជាក់ទៀតថា ចក្ខុវិស័យ របស់សាលាភាសាអន្តរជាតិ គឺផ្តល់សេវាអប់រំប្រកប ដោយគុណភាព ជូនដល់សិស្សានុសិស្ស គ្រប់មជ្ឍដ្ឋាន ទាំងផ្នែកចំណេះទូទៅ និងភាសាអង្គេស ទូទៅចាប់ពីមតេយ្យ រហូតដល់ វិទ្យាល័យ មធ្យមសិក្សា ហើយសាលាភាសាអន្តរជាតិ ផ្តល់ដល់សិស្សមាន៦កម្មវិធី គឺសិក្សាដែលមានគុណភាព និងវិន័យរឹងមាំ គ្រូបង្រៀនមានបទពិសោធន៍ និងជំនាញច្បាស់លាស់ មានសម្ភារះ ឧបទ្ទេសគ្រប់គ្រាន់ បរិយាកាសល្អ ក្នុងការសិស្សា ធ្វើការទំនាក់ទំនងល្អជាមួយជនបរទេស និងផ្តល់សីលធម៌ល្អ ដល់សិស្សានុសិស្ស។
ក្នុងនោះ លោក សួនបវរ បានធ្វើការកោតសរសើរ ដល់សាលាភាសាបរទេស អន្តរជាតិឯកជន ចំណេះទូទៅ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានកម្មវិធីសិក្សាមានការទទួលស្គាល់ ពីក្រសួងអប់រំយុវជន និងកីឡាថែមទាំងប្រជុំគ្រូដែលមានបទពិសោធន៍ និងជំនាញច្បាស់លាល់ ក្នុងការបង្រៀន ហើយបានចូលរួមចំណែកក្នុងការងារសង្គម និងសកម្មភាពមនុស្សធម៌ផ្សេងៗ ទៀតក្នុងគោលបំណង ដើម្បីជួយសំរាល ការលំបាកដល់មាតាបីតា យ៉ាងច្រើនផងដែរ៕ ដោយ សេង រាជសី