ស្លាប់០២នាក់ របួស២៧នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍់ នៅស្រុកជីក្រែង
ខេត្តសៀមរាប ៖ រថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿង នៃក្រុមហ៊ុន “ស៊ុនអ៊ូខុង” ដែលផ្ទុកមនុស្សពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯង គឺធ្លាក់ពីលើស្ពាន បេតុង នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង ៣ និង៣០នាទី ទៀបភ្លឺនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នេះ។
សមត្ថកិច្ចនគរបាល ស្រុកជីក្រែង បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ ដែលរងគ្រោះថ្នាក់ ខាងលើនេះ ជារបស់ក្រុមហ៊ុន “ស៊ុនអ៊ូខុង” ជាប្រភេទរថយន្តក្រុង ៤៥កៅអី ដឹកអ្នកដំណើរ ពណ៌ស ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣D ៥២៨០ បានបើកបរ ក្នុងទិសដៅពីកើតមកលិច ពេលមកដល់កន្លែងកើតហេតុ បានជ្រុលចង្កូតធ្លាក់ផ្លូវ គឺធ្លាក់ពីលើស្ពានតែម្ដង បណ្ដាលឲ្យអ្នកដំណើរ និងតៃកុងគៀប ជាប់ក្នុងរថយន្តស្លាប់និងរបួស។
ប្រភពដដែលបានបន្តរថា ករណីនេះ បណ្តាលអោយមាន មនុស្សរងគ្រោះថ្នាក់ ដល់អាយុជីវិតចំនួន២នាក់ រងរបួសធ្ងន់ និងស្រាលចំនួន២៧នាក់ ចំណែក តៃកុងរថយន្តបានស្លាប់គៀបជាប់ នឹងរថយន្តតែម្តង។
ក្រោយពីសមត្ថកិច្ចចុះ មកដល់កន្លែងកើតហេតុ ជនរងគ្រោះទាំងអស់ ត្រូវបានជួយសង្គ្រោះ យកទៅមណ្ឌលសុខភាពកំពង់ក្តី ដើម្បីសង្គ្រោះ និងព្យាបាល។ សមត្ថកិច្ចមិនទាន់បានដឹងពី អត្តសញ្ញាណជនរងគ្រោះ ទាំងអស់នៅឡើយនោះទេកំពុងសាកសួរ និងស្រាវជ្រាវរកសាច់ញាតិ សណ្តានជនរងគ្រោះដែលស្លាប់ទាំង២។ ដោយ អនាគតថ្មី