តើប្រជា​ពល​រដ្ឋ ត្រូវត្រៀមអ្វីខ្លះ​ សំរាប់ទៅ​បោះ​ឆ្នោត​ ជ្រើសរើស​ ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅថ្ងៃខាង​មុខនេះ?

បើយោងតាម គណៈ​កម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត ដែលហៅកាត់ថា (គ.ជ.ប) បាន​ធ្វើការ​ផ្សព្វផ្សាយ ​​​អោយប្រជាពលរដ្ឋ យល់ដឹង ​អំពី​ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែល​នឹងប្រព្រឹត្ត​ទៅ នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ មានខ្លឹមសារដូចខាងក្រោម៖

១.ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬ ឯកសារបញ្ជាក់ អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត។

២.យើងត្រូវដឹងឱ្យបានច្បាស់អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដនិងទីតាំងការិយាល័យ បោះឆ្នោត ដែលមានបញ្ជាក់ ក្នុងបង្កាន់ដៃ បញ្ជាក់ការ ចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានបិទផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។

៣.យើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត សម្រាប់ប្រើនៅថ្ងៃបោះឆ្នោត។

៤.យើងបោះឆ្នោត ជូនគណបក្សនយោបាយ ណាមួយ ដែលយើងពេញចិត្ត ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ឬការការបង្ខិតបង្ខំណា មួយមកលើយើងបានឡើយ។

៥.យើងគូសសន្លឹកឆ្នោត ក្នុងបន្ទប់សម្ងាត់តែម្នាក់ឯងគត់ ដោយគ្មានអ្នកណាម្នាក់ អាចដឹងថាយើងបោះឆ្នោត ជូនគណបក្សនយោបាយ ណាមួយឡើយ។

៦.អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោត បានតែមួយសន្លឹក និងតែម្តងគត់ ដោយត្រូវទៅបោះឆ្នោតដោយខ្លួនឯងផ្ទាល់ នៅការិយាល័យបោះឆ្នោត ដែលមានឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត និងយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្ងសញ្ញាណ បម្រើឱ្យការបោះឆ្នោត។

៧.ប្រជាពលរដ្ឋដែលបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត រួចហើយ ប៉ុន្តែពុំបានទៅបោះឆ្នោត គឺធ្វើឱ្យបាត់សិទ្ធិ របស់ខ្លួនឯង ក្នុងការចូលរួមអភិវឌ្ឍន៍ ឃុំ សង្កាត់ និងសង្គមជាតិ។

៨.ដើម្បីអោយមាន ក្រុមប្រឹក្សា ឃុំ សង្កាត់មានសមត្ថភាព និងឈ្លាវៃ យើងត្រូវចូលរួមបោះឆ្នោត ទាំងអស់គ្នាតាម លទ្ធិប្រជាធិបតេយ្យ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ និងដោយសម្ងាត់។

៩.ភូមិ ឃុំ មានសុវត្ថិភាព និងអភិវឌ្ឍន៍ ទៅបាន គឺអាស្រ័យលើក្រុមប្រឹក្សាឃុំ សង្កាត់មានសមត្ថភាព និងឈ្លាសវៃ។

យើងបោះឆ្នោតដើម្បីអនាគតរបស់ពួកយើង ភូមិ ឃុំ សង្កាត់ យើង។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧:០០ ព្រឹក ដល់ម៉ោង ៣:០០ រសៀល ខាងមុខនេះ កុំប្បីអាក់ខានឡើយ។ ដោយ អនាគតថ្មី