ថ្មីៗនេះពលរដ្ឋបានរិះគន់ចំៗ ថាអាជ្ញាធរក្រុងប៉ោយប៉ែត និងការិយាល័យវប្បធម៌អសមត្ថភាព បណ្តែតបណ្តោយឱ្យជនជាតិចិន លើកស្លាកយីហោជាអក្សរចិន ដោយគ្មានវត្តមានអក្សរជាតិយ៉ាងអនាធិបតេយ្យ
បន្ទាយមានជ័យ ៖ ក្រោមក្រសែភ្នែកងឿងឆ្ងល់ និងការគិតដោយក្តីបារម្ភជាពន់ពេកចំពោះអត្តសញ្ញាណជាតិ ពីប្រជាពលរដ្ឋមួយចំនួន ក្នុងក្រុងប៉ោយប៉ែត និងបានរិះគន់ចំៗ ថា អាជ្ញាធរក្រុងប៉ោយប៉ែត និងការិយាល័យវប្បធម៌ ក្រុងប៉ោយប៉ែត ហើយនិងមន្ទីទេសចរណ៍ អសមត្ថភាពក្នុងការគ្រប់គ្រង ស្លាកយីហោ និងស្លាកសញ្ញាផ្សេងៗ ដោយបណ្តែតបណ្តោយឱ្ យជនជាតិចិនលើកស្លាកយីហោជាអក្សរចិនដោយគ្មានវត្តមានអក្សរជាតិ យ៉ាងអនាធិបតេយ្យ។ សព្វថ្ងៃនេះមានស្លាកយីហោ ផ្ទាំងប៉ាណូ និងស្លាកសញ្ញាសំគាល់ទីតាំងសំណង់ សណ្ឋាគារ កាស៊ីណូ ខុនដូ ផ្សារទំនើប ភោជនីយដ្ឋាន ក្លឹបកម្សាន្ត និងផ្សារតូចៗ ភាគច្រើនដែលមានម្ចាស់ ឬថៅកែជាជនបរទេស ពិសេសជនជាតិចិន គឺបានលើកយីហោ ស្លាកសញ្ញានៅតាមទីតាំងនីមួយៗ ជាអក្សរបរទេស ឬជាអក្សរចិនធំៗ និងមានស្លាកសញ្ញាខ្លះ មានសរសេរអក្សរខ្មែរខ្លះដែរ តែមានទំហំតូចជាងអក្សរបរទេស និងមានស្លាកសញ្ញាខ្លះទៀត មិនមានសរសេរអក្សខ្មែរតែម្តង។
ដោយមើលឃើញពីបញ្ហានេះ ប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងប៉ោយប៉ែត បានស្នើសុំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មេត្តាចុះត្រួតពិនិត្យការប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេស ពិសេសអក្សរចិននៅតាមយីហោ ផ្ទាំងប៉ាណូ និងស្លាកសញ្ញាសំគាល់ផ្សេងៗ នៅតាមហាង សំណង់អគារ ឬទីកន្លែងនានាដែលមានថៅកែ ជាជនបរទេស ពិសេសជនជាតិចិន នៅក្នុងនោះរួមមានៈ យីហោសម្គាល់ឈ្មោះ កាស៊ីណូ សណ្ឋាគារ ហាង ផ្សារទំនើប ក្លឹបកម្សាន្ត ភោជនីយដ្ឋាន ក្រុមហ៊ុន និងទីតាំងមួយចំនួនទៀត ដែលមានម្ចាស់ជាជនបរទេស ឬជនជាតិចិនស្ថិតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឱ្យបានត្រឹមត្រូវឡើងវិញ ក្នុងន័យថែរក្សា អភិរក្ស និងលើកស្ទួយអក្សរជាតិ។
ទាក់ទងនឹងការការរិះគន់ខាងលើនេះ អនាគតថ្មី មិនអាចទាក់ទង លោក សាន ស៊ានហូ អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត សុំការបញ្ជាក់បានទេនៅថ្ងៃនេះ។
សូមរម្លឹកផងដែលថា នាពេលកន្លងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹង ផ្ញើជូន អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្តទាំងអស់ ស្តីពីការកំណត់ឱ្យប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេស នៅលើផ្ទាំងគំនូរសំណង់ ឬផ្លាកសញ្ញាផ្សព្វផ្សាយ នៅតាមការដ្ឋានសំណង់ ដោយគោរពតាម គោលការណ៍ណែនាំ ដូចខាងក្រោម ÷
១-អក្សរខ្មែរត្រូវសរសេរឱ្យបានធំជាងអក្សរបរទេស ហើយដាក់នៅជួរខាងលើ។
២-អក្សរបរទេស អាចសរសេរនៅខាងក្រោម និងមានទំហំពាក់កណ្តាលនៃអក្សរខ្មែរ។
៣-ការសរសេរអក្សរខ្មែរ ត្រូវអនុវត្តន៍តាមវចនានុក្រម របស់សម្តេចព្រះមហាសុមេធាធិបតីជោតញ្ញាណោ ជួន ណាត។ ដោយ អនាគតថ្មី