តើ ប្រព័ន្ធមជ្ឈការ វិមជ្ឈការ និង វិសហមជ្ឈការ មានន័យដូចម្ដេច?
ប្រព័ន្ធមជ្ឈការ ៖ គឺជាការគ្រប់គ្រង់រដ្ឋមួយប្រភេទ ដែលរដ្ឋាភិបាលដឹកនាំរដ្ឋដោយ ផ្ទាល់ ហើយអាជ្ញាធរដែនដីគ្រាន់តែ ជាស្ពាន់ប៉ុន្នោះ។ បើគេនិយាយ ពីមជ្ឈការ គឺគេនិយាយអំពីអំណាចកណ្តាល គឺអំណាចរដ្ឋបាលរបស់រដ្ឋាភិបាល ដែល កាន់កាប់ដោយ នាយករដ្ឋបន្រ្តី និង រដ្ឋមន្ត្រី រដ្ឋលេខាធិការ ប្រធានស្ថាប័ន ទាំងឡាយ។ ប្រព័ន្ធការមជ្ឈការមានគោលបំណងធំ បី គឺ
១.និតិបុគ្គលសាធារណៈមានតែរដ្ឋ
២.អំណាចសំរេចសេចក្តី និងបញ្ជាស្ថិតនៅរដ្ឋបាលកណ្តាលទាំងអស់
៣.រដ្ឋបាលទាំងអស់ត្រូវរៀបចំតាមឋានានុក្រម។
ចរិកលក្ខណៈ៖ ការគ្រប់គ្រង់រដ្ឋបាល តាមប្រព័ន្ធនេះ គឺគេធ្វើការគ្រប់គ្រង់តាម តារាងរាងសាជីជ្រុង ដោយអំណាចក្នុងការសម្រេច ទាំងអស់ ជារបស់រដ្ឋបាលកណ្តាលទាំងអស់។
ដូចនេះរាល់ការ បង្កើតនូវការសម្រេច ការកែប្រែអ្វីៗ ដោយរដ្ឋបាលកណ្តាលទាំងអស់។ ឧទាហរណ៍ ៖ លោក “ក” ជាអភិបាលនៃខេត្តណាមួយ គាត់មិនមានសិទ្ធក្នុង ការចេញ លិខិតឆ្លងដែនឲ្យប្រជាពលរដ្ឋ ប្រទេសជិតខាងនោះទេ។ផ្ទុយទៅវិញរាស្ត្រប្រជា ត្រូវមកធ្វើការសុំធ្វើលិខិត ឆ្លងដែនដែនពីរដ្ឋបាលកណ្តាល។
គុណសម្បត្តិ
-អំណាចកណ្តាលជួយខេត្តបាន
-អំណាចកណ្តាលតែងតាំងទាំងសុទ្ធតែជាមនុស្សមានសមត្ថភាព
-មានឯករាជភាពជាតិ (មានន័យថារដ្ឋកំណត់ធ្វើអ្វីមួយដូចគ្នាទាំងអស់នាំឲ្យមាន ឯកភាពខាង ទស្សនៈ ហើយឯកភាពនៃប្រទេសជាតិមានភាពរឹងមាំ។)
គុណវិបត្តិ
-យឺតយ៉ាវខាងសាហ៊ុយ (រដ្ឋបាលសមេចតែម្នាក់ឯងដោយអត្តនោម័ត)
-ខ្វះលទ្ធភាពប្រជាធិតេយ្យ(អាជ្ញាធរតែតាំង)
-សម្រេចកិច្ចការដោយមិនយល់សភាពការណ៍ (សម្រេចលើកិច្ចការដែលខ្លូនស្តាប់មិនបាន) រដ្ឋការមិនបានដឹងពីតម្រូវការ របស់ពលរដ្ឋមូលដ្ឋាន ហើយឆ្លើយតបមិនចំតម្រូវការរបស់ប្រជាពលរដ្ឋ។
ប្រព័ន្ធវិមជ្ឈការ៖ គឺជាប្រព័ន្ធមួយដែលអាជ្ញាធររដ្ឋបាលកណ្តាល ទទួលស្គាល់នូវសិទ្ធ អំណាច ក្នុងការសម្រេច របស់អាជ្ញាធររដ្ឋបាល មូលដ្ឋាន ដោយមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់នានា។ វិមជ្ឈការជាប្រព័ន្ធ រដ្ឋបាលមួយដែល អនុញ្ញាត អោយសមូហភាពដែនដី ឬសេវាសាធារណៈធ្វើការគ្រប់គ្រង ដោយខ្លួនឯង ក្នុងក្របខ័ណ្ឌនៃកាគោរពគោលការណ៍ និត្យានុកូលភាព។
ចរិកលក្ខណៈទោះប្បីទម្រង់នៃការរៀបចំនេះ មានប្រគល់អោយសមូហភាពដែនដីនូវសិទ្ថ អំណាច ក្នុងការសម្រេចប្រកបដោយស្វ័យភាពក៏ដោយ ក៏នៅមានកិច្ចការធំៗមួយចំនួន អជ្ញាធរកណ្តាលអោប ក្រសោបតែម្នាក់ឯងនោះគឺ
-កិច្ចការពារជាតិ(កងទ័ព)
-កិច្ចការសន្តិសុខ(នគរបាល)
-កិច្ចការពាណិជ្ជកម្មក្រៅប្រទេស
-កិច្ចការតុលាការ
-កិច្ចបោះពុម្ភប្រាក់
-កិច្ចការធ្វើច្បាប់
-កិច្ចការកទូត
-កិច្ចការអត្រានុកូលដ្ឋាន
-ធនធានធម្មជាតិ …។ ជាកិច្ចការផ្តាច់មុចរបស់រដ្ឋ។
រដ្ឋបាលកណ្តាលផ្តល់សមូហភាពដែនដីអោយទៅ រដ្ឋបាលមូលដ្ឋានភាគ ច្រើន គឺផ្នែក សេដ្ឋកិច្ច វប្បធម៏ និង ការងារអភិវឌ្ឍន៍។
គុណសម្បត្តិ
ចំណាយពេលវេលាតិចក្នុងការ ទទួលសេវានាំអោយមានការអភិវឌ្ឍន៍ ហើយប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការរស់នៅ។
ស័្វយភាពការងារនាំអោយមានកម្លាំងចិត្ត
ជាគ្រឹះនៃប្រជាធិបតេយ្យតាមមូលដ្ឋាន
មានលទ្ធិប្រជាធិបតេយ្យស៊ីជរៅព្រោះ មានការចូលពីប្រជាពលរដ្ឋក្នុងការ សម្រេចនូវអ្វីៗ ដែលជាប្រយោជន៍រាស្ត្រ។
គុណវិបត្តិ
-អាចបែកបាក់សាមគ្គីរវាងសមូហភាព និងសមូហភាព
-ធ្វើឲ្យអាជ្ញាធរកណ្តាលមានការទន់ខ្សោយ
-ការអភិវឌ្ឍន៍អាចតាមរបៀបអាណាធិបតេយ្យព្រោះ ការអភិវឌ្ឍន៍មានការ ប្រកូតប្រជែងនាំឲ្យមានការប៉ះពាល់ ដល់សមូហភាពរៀងៗខ្លួន។
-ប្រព័ន្ធមជ្ឈការគ្មានអំណាច ឋានានុក្រមទេ ព្រោះអជ្ញាធរនីមួយៗ មានសិទ្ធសម្រេចរៀងៗ ខ្លួនតាមច្បាប់កំណត់។
វិសហមជ្ឈការ ៖ ជាបច្ចេកទេសរដ្ឋបាលមួយ ដែលអាជ្ញាធររដ្ឋបាល កណ្តាល រំលែកអំណាច ឬកិច្ចការមួយចំនួនឲ្យទៅ រដ្ឋបាលមូលដ្ឋាន ធ្វើការសម្រេច ដោយខ្លួនឯងផ្ទាល់ មានន័យថា វាបច្ចេកទេស មួយក្នុងការៀបចំរដ្ឋ ដើម្បីជួយសម្រួល ដល់ប្រព័ន្ធមជ្ឈការ ហើយបានផ្តល់ឲ្យនៅអំណាចខ្លះៗ ដែរពីមុនវាជាអំណាចរបស់រដ្ឋបាលកណ្តាល។
ចរិកលក្ខណៈ ៖ ក្នុងការគ្រាប់គ្រង់រដ្ឋបាលតាមបច្ចេកទេសនេះ គឺគ្រប់គ្រង់តាម ឋានានុក្រម រដ្ឋបាលដែរ រដ្ឋបាល កណ្តាលបានផ្តល់ ឲ្យសម្រេច តាមលំដាប់ ថ្នាក់រៀងខ្លួន។ រាល់ប្រព័ន្ធការងារ គឺតាំងតំណាង រដ្ឋបាល កណ្តាល ដោយគ្មាន ការបោះឆ្នោត ជ្រើសតាំងអ្វីទេពោលគឺ អាជ្ញាធរមូលដ្ឋាន កើតមានឡើងនូវ សិទ្ធក្នុងការសម្រេច អាស្រ័យដោយសប្បុរសធម៌របស់ អាជ្ញាធររដ្ឋបាលកណ្តាល ប៉ុណ្ណោះ។ អាជ្ញាធរ មូលដ្ឋានគ្មានថវិកាផ្ទាល់ខ្លួនទេ គឺប្រើថវិការបស់ជាតិ ហើយក៏គ្មានសិទ្ធក្នុងការជ្រើស រើសបុគ្គលិកដែរ។
គុណសម្បត្តិ
-កាត់បន្ថយការប្រើប្រាស់អំណាចហូសហេតុរបសើអាជ្ញាធរកណ្តាល
-អាជ្ញាធរមូលដ្ឋានសម្រេចបញ្ហានៅនឹងកន្លែង
-ការងារឆាប់រហ័យចំនេញពេលវេលា និង ថរិការ
គុណវិបត្តិ
ខ្វះលទ្ធិប្រជាធិបតេយ្យ (រាល់ការសម្រេចស្ថិតនៅលើអំណាចកណ្តាល)។ ដកស្រង់ចេញពីសៀវភៅសំណួរចម្លើយចំណេះដឹងទូទៅ។