ស្ថាប័នហិរញ្ញវត្ថុជាង ៤០កន្លែង ប្រកាសលុបបំណុលឱ្យយោធិនពលីជីវិត និងអ្នករួមខ្ចី

(ភ្នំពេញ)៖ អនុវត្តន៍តាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា, គិតត្រឹមម៉ោង៩៖៣០ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ មានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រមាណ​៤០ស្ថាប័ន បានលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី និងសម្រួលអនុគ្រោះដល់យោធិនដែលរងរបួស ដែលបានបំពេញប្រតិបត្តិការ ក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា​ ​ព្រមទាំងជួយសម្រួលដល់ការបង់សងត្រឡប់របស់ជនភៀសសឹក នៅតាមព្រំដែន​។

សមាគមធនាគារកម្ពុជា បានឱ្យដឹងថា គិតត្រឹមម៉ោង៩៖៣០នាទីព្រឹកនេះ សម្រាប់ស្ថាប័នធនាគារ មានចំនួន១៨ហើយ ​បានលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត។

ចំណែក​​លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានឱ្យដឹងថា គិតមកទល់ម៉ោង១០ព្រឹកនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រមាណជាង២០ហើយ ដែលបានប្រកាសលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុក ដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ។

​តាមរយៈសេចក្តីប្រកាសព័ត៌របស់​ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ បានដាក់ចេញវិធានការណែ​នាំឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទានរហូតដល់ចំនួន១០ លានរៀល របស់​អតិ​ថិជន​ជាកងទ័ពពិការនៅសមរភូមិបច្ចុប្បន្ន និង​លុបចោលឥណទានរហូតដល់ចំនួន៨០ លាន​រៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី​។

ជាមួយគ្នានេះ ធនាគារជាតិសម្រេចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលើកលែងរាល់កម្រៃ និងការផាកពិន័យ ពាក់ព័ន្ធនឹងឥណទាន​រយៈពេល៦ ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជនជាយោធិន ដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ព្រមទាំងងលើកលែងការទូទាត់សងប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម រយៈពេល៦ ខែ គិតចាប់ពី​ថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ៕