ក្រសួងការពារជាតិ កម្ពុជាកំពុងចរចាដើម្បីឱ្យថៃដោះលែងសមាជិកកងទ័ព ២០នាក់យ៉ាងសុវត្ថិភាព
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបង្ហើបឱ្យដឹងថា ចំពោះកងកម្លាំងកម្ពុជាចំនួន ២១នាក់ ដែលត្រូវបានភាគីថៃចាប់ខ្លួនក្នុងឧប្បត្តិហេតុសង្រ្គាម៥ថ្ងៃថ្មីៗនេះ កម្ពុជាបានទទួលសពយុទ្ធជនម្នាក់វិញហើយ ខណៈ ២០នាក់ផ្សេងទៀត កំពុងស្ថិតក្រោមការទាមទារផ្លូវការទៅកាន់ថៃ ដើម្បីឱ្យបញ្ជូនត្រឡប់មកវិញដោយសុវត្ថិភាព និងឆាប់រហ័ស។
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ អ្នកនាំពាក្យបានបញ្ជាក់ថា៖
«យើងទទួលបានសព១រូបហើយ។ ចំណែក២០នាក់ផ្សេងទៀត កំពុងបន្តចរចាជាមួយភាគីថៃ ដើម្បីឱ្យបញ្ជូនត្រឡប់មកវិញដោយសុវត្ថិភាពក្នុងអាសន្ន»។
លោកស្រីបានលើកឡើងថា ការការពារអាយុជីវិតប្រជាពលរដ្ឋ កងទ័ព និងសន្តិភាពជាតិ នៅតែជាគោលដៅដ៏សំខាន់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីបានអំពាវនាវដល់ប្រជាជនឲ្យបន្តជឿជាក់លើថ្នាក់ដឹកនាំ និងកងទ័ពកំពុងឈរការពារទឹកដីយ៉ាងក្លាហាន និងបំពេញភារកិច្ចជាតិដោយស្មារតីខ្ពង់ខ្ពស់។
បន្ថែមពីនេះទៀត លោកស្រីបានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទក៏បានសហការជាមួយរដ្ឋាភិបាលថៃ និងស្នើឱ្យប្រទេសទីបីដូចជាម៉ាឡេស៊ី ជួយជាអ្នកអន្តរាគមន៍ផងដែរ។ លោកស្រីសង្ឃឹមថា កងទ័ពខ្មែរទាំង២០នាក់នឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ ដោយសុវត្ថិភាព៕
