សកម្មភាព ការដឹកជញ្ជូនឈើអារ គ្មានច្បាប់អនុញ្ញាត ចេញពីខេត្តស្ទឹងត្រែង នៅតែបន្តរការដឹកចេញ មកចែកចាយតាមខេត្តនានា យ៉ាងគឃ្លើនអាដែលៗ
ខេត្តស្ទឹងត្រែង៖ សកម្មភាព ដឹកជញ្ជូនឈើអារ គ្រប់ប្រភេទ ចេញពីដែនដីខេត្តស្ទឹងត្រែង នាំឆ្ពោះទៅកាន់ទីផ្សារ ខេត្តនានា ក្នុងប្រទេសនោះ ត្រូវគេរាយការណ៍ថា នៅតែបន្តរ កើតមានយ៉ាងអនាធិបតេយ្យ បំផុតនៅលើដែនដី ខេត្តភាគឥសាន្ដ ប្រទេសមួយនេះ។ សកម្មភាពនេះ ត្រូវគេកត់សម្គាល់ឃើញថា យូៗម្តងទើប មានសមត្ថកិច្ច ចុះទៅបង្ក្រាប ដើម្បីបញ្ជៀស បានពីការរិះគន់ថា អស់លោកជាកន្ទេលធំបន្លំដេក។ កាលពីថ្ងៃ ១១កក្កដា ម្សិលមិញ កម្លាំងសមត្ថកិច្ចចម្រុះ ស្រុកថាឡាបរិវ៉ាត់ បានចុះទៅចាប់ រថយន្តប្រភេទសាំយ៉ុង ដឹកឈើអារ បានពីរគ្រឿង ក្នុងចំណោម រថយន្តដឹកឈើច្រើន គ្រឿងទៀត នៅតាមបណ្តោយ ដងផ្លូវជាតិលេខ៩ ត្រង់ចំណុចបង្គោលលេខ ៤៧៧ ពីខេត្តព្រះវិហារ មកខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់។ នាយសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិល និងអន្លង់ជ្រៃ លោក រី រស្មី បានប្រាប់ឲ្យដឹងថា រថយន្តសាំយ៉ុងទាំងពីរ គ្រឿងដែលរងការ បង្ក្រាបនោះ គឺជារថយន្តដឹកឈើអារ គ្មានច្បាប់អនុញ្ញាត ចេញពីមន្ត្រីជំនាញនោះទេ ហើយឈើទាំងនោះជា ប្រភេទឈើសសរ និងគ្រឿងផ្ទះ ក្រុមដឹកឈើ បានដឹកជញ្ជូន ចេញពីក្នុងដែនដី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងបំណងនាំយក ទៅលក់នៅខេត្តផ្សេងៗទៀត។ លោកថា សមត្ថកិច្ច ចាប់បានតែរថយន្តពីរគ្រឿង ក្នុងចំណោម រថយន្តច្រើនគ្រឿងទៀត ដោយក្រុមអ្នកដឹកឈើ ទាំងនោះបានដឹងខ្លួនមុន ហើយបើកគេចយក ទៅលាក់ទុកបាត់ នៅមុនពេលសមត្ថកិច្ច ចុះទៅដល់។ ក្រោយការបង្ក្រាប ទាំងឈើ និងរថយន្ត ត្រូវបាននាំយក មករក្សាទុក នៅខណ្ឌរដ្ឋបាល ព្រៃឈើស្ទឹងត្រែង ដើម្បីចងក្រងសំណុំរឿង ចាត់ការជាបន្ត។ ជុំវិញនឹងសកម្មភាព ដឹកជញ្ជូនឈើនោះដែរ សេចក្តីរាយការណ៍ បានឲ្យដឹងថា ក្នុង១ ថ្ងៃៗមាន រថយន្តប្រភេទសាំយ៉ុងមិនក្រោមពី ១០គ្រឿងនោះទេ ដែលបានដឹកឈើចេញពី ដែនសមត្ថកិច្ចព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមប៉ាង និងសង្កាត់សាមគ្គី ឆ្លងកាត់សង្កាត់ស្ទឹងត្រែង និងអូរពងមាន់ ក្រុងស្ទឹងត្រែង ចូលទៅខេត្តជាប់ព្រំប្រទល់។ ក្រុមរថយន្តដឹកឈើទាំងនោះ ត្រូវគេឃើញ បានបើកបរយ៉ាងប្រសេចប្រសាច ពេញដងផ្លូវ ហើយគ្មានសណ្តាប់ធ្នាប់នោះទេ ដោយឆ្លងកាត់ ដែនសមត្ថកិច្ចជាច្រើន តាំងពីស្រុក ចូលដល់ដីក្រុង រហូតឆ្លងផុតពីដែនដីខេត្តស្ទឹងត្រែង ហើយក្នុងនោះ គេបានសង្កេតឃើញថា មានសមត្ថកិច្ច១ ក្រុមបានដាក់ប៉ុស្តិ៍ អនាធិបតេយ្យ សង្ស័យដេកចាំ យកលុយពីបទល្មើស នៅហួសផ្លូវបំបែកចូលទៅទីរួម ស្រុកថាឡាបរិវ៉ាត់ ជារៀងរាល់ថ្ងៃនោះផងដែរ។ ក្រៅពីនោះក៏មានរថយន្ត កាមរីឆ្លាមពណ៌ខ្មៅ ១ គ្រឿង ដែលគេដឹងថា ជារថយន្តរបស់មន្ត្រីនគរបាលខេត្ត សង្ស័យបើក រ៉ាស់មើលផ្លូវឲ្យឈ្មួញ មុនពេលក្រុមឈ្មួញ ដឹកជញ្ជូនឈើចេញម្តងៗ ហើយបានសំណងមកវិញ គឺលាភសក្ការៈ លុយកាក់ដ៏ក្រាស់ក្រែល។ នៅស្រុកសៀមប៉ាង ឯណោះវិញ នៅរសៀលថ្ងៃ១២កក្កដានេះ ក៏មានសេចក្តីរាយការណ៍ឲ្យដឹងដែរថា ឈ្មួញកំពុងសម្រុកដឹកជញ្ជូន ឈើតាមទូក កាណូត ចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចូលទៅស្រុកវ៉ឺនសៃ ខេត្តរតនគិរី យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ និងមានរយះពេលជិតពីរខែមកហើយ ដោយសកម្មភាពនោះ ក្រុមឈ្មួញបានធ្វើឡើងតាំងពីខែមិថុនា រហូតមកទល់ នឹងជិតពាក់កណ្តាល ខែកក្កដា ឆ្នាំ២០១៧ នេះ មិនមានការថមថយ ទាល់តែសោះ។ ចំណែក សមត្ថកិច្ចជាច្រើនស្ថាប័ន ដែលឈរជើងតាមផ្លូវទឹក និងផ្លូវគោកនៅទីនោះ ក៏ត្រូវគេឃើញ មិនបានទប់ស្កាត់ ឬក៏បង្ក្រាបទៅលើក្រុមឈ្មួញ ទាំងនោះទេ។ ផ្ទុយទៅវិញ គេបានឃើញមន្ត្រីទាំងនោះ ត្រូវគេសង្ស័យថា ដេកចាំទារលុយ ពីក្រុមដឹកជញ្ជូនបទល្មើសព្រៃឈើ ទាំងនោះទៅវិញ។ ចំណុចដែលគេសង្ស័យថា សមត្ថកិច្ចជាច្រើនស្ថាប័ន បានដាក់ប៉ុស្តិ៍អនាធិបតេយ្យ ដេកចាំកាក់ទារលុយ ពីបទល្មើសឈើនោះ មានដូចជា នៅពាមអូរសាម៉ង ពាមអូរការសៀប និងនៅពាមអូរវែង ស្ថិតក្នុងដែនដីស្រុកសៀមប៉ាង។ ឈើប្រណិតដែលឈ្មួញ បានដឹកតាមទូក ទាំងនោះ គឺដឹកជញ្ជូនឆ្លងកាត់ កន្លែងសំខាន់ៗ ខាងលើនោះ នាំចូលទៅភូមិតាឡែ និងភូមិបាក់កែ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ហើយឈើទាំងនោះ ត្រូវគេដឹកបន្តឆ្ពោះ ទៅប្រទេសវៀតណាមផងដែរ។ អភិបាលរង ទទួលបន្ទុកបង្ក្រាប បទល្មើស ខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធ លោកបានប្រាប់ឲ្យដឹងផងដែរថា លោកមិនទាន់ដឹង អំពីសកម្មភាព បទល្មើសដែលកើតឡើង និងសកម្មភាព របស់មន្ត្រីខិលខូច មួយចំនួនតូចនោះទេ បញ្ហានេះលោកនឹងឆ្លងយោបល់ ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត លោកម៉ុម សារឿន នៅល្ងាច ថ្ងៃ១២កក្កដា ឆ្នាំ២០១៧ នេះ៕ ដោយ លោក ឡុង សារេត