ចាប់ខ្លួនជនជាតិចិន ថៃ ម៉ាឡេ ២១៤នាក់ ដែលមករស់នៅ ធ្វើការ រកសុីខុសច្បាប់ នៅជាយដែនប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ ចិនជាង ២០០នាក់ ត្រូវបាន សមត្ថកិច្ច ចាប់ខ្លួន ជាបន្តបន្ទាប់ នៅក្នុងអាគារ ចំនួន ២កន្លែង នៅជាប់មាត់អូរ ព្រំដែនកម្ពុជា ថៃ ខាងលិច កាសុីណូផ្កាយ៥ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយឃាត់ខ្លួន ជនជាតិចិន ទាំងនោះត្រូវបានសមត្ថកិច្ច បញ្ជូនតាមរយះរថយន្តក្រុង ទៅខេត្តសៀមរាប ដើម្បីចាត់ការ បន្តតាមច្បាប់។ ប្រតិបត្តិការ បង្ក្រាប នេះដឹកនាំចុះបង្ក្រាប ដោយលោក ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សម្របសម្រួលនិតិវិធី ដោយលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញារ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ និងមានកាសហការ ដោយកម្លាំងនគរបាល ក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់។ ជាលទ្ធផល សមត្ថកិច្ច ឃាត់ខ្លូនជនជាតិចិន និងម៉ាឡេ ថៃ ចំនួន ២១៤នាក់ ស្រី ៣២នាក់ នៅចំណុចផ្ទះជួល ក្បែរមាត់អូរ ព្រំដែន ក្នុងស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រៅពីជនជាតិចិន មសត្ថកិច្ច ក៏បានចាប់ខ្លួនជនជាតិ ថៃ និងម៉ាឡេសុីផងដែរ។ ការឃាត់ខ្លួន ជនជាតិចិន ថៃ ម៉ាឡេ នេះគឺសមត្ថកិច្ចធ្វើឡើង ក្រោយពី រកឃើញថា ពួកគេបានចូលមករស់នៅធ្វើការ និងរកសុីតាមអនឡាញ ខុសច្បាប់ នៅជាយដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយការបង្ក្រាប ជនជាតិចិន ថៃ ម៉ាឡេ ទាំងនោះរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនតាម រថយន្តក្រុង ទៅខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយ សេង រាជសី